កំពង់ឆ្នាំង ៖ បុរសជាអ្នករត់ម៉ូតូកង់បី ២នាក់ ត្រូវបានស្រីស្នេហ៍ដាក់ថ្នាំសណ្តំ លួចយកសម្ភារៈ និង លុយកាក់អស់ ខណៈកំពុងផឹកស៊ីក្នុងហាងមួយកន្លែង ដែលមានយីហោជំនោរដីថ្មី កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នៅចំណុចភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
កម្លាំងនគរបាលមូលដ្ឋាន បានឱ្យដឹងថា មុនពេលកើតហេតុ មានបុរស២នាក់ទី១៖ ឈ្មោះនាង សុខ អាយុ៥០ឆ្នាំ រស់នៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង និងទី២៖ ឈ្មោះឈឿង ឈាង អាយុ៤៣ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំពង្រ ស្រុករលាប្អៀរ មានមុខរបររត់ម៉ូតូកង់បី បានចាញ់បោកសម្រស់ស្រីស្អាត២នាក់ ដោយបានបបួលគ្នាផឹកស៊ីយ៉ាងស្អិតរមួត នៅក្នុងហាងខាងលើ ដោយផឹកស្រាបៀរ ABC អស់ជិតកន្លះកេះ តាំងពីម៉ោង១១និង ៣០នាទីថ្ងៃត្រង់ រហូតដល់ល្ងាច។
ក្នុងពេលផឹកស៊ីស្រីស្អាតទាំង២ បានបន្លំដាក់ថ្នាំសណ្តំក្នុងកែវស្រាបៀ ធ្វើឱ្យបុរសទាំង២នាក់សន្លប់ ទើបស្ត្រីជើងល្អទាំងពីរនាក់នោះ ដោះយកចិញ្ចៀនមាស៥ជី និងលុយ៤០ ម៉ឺនរៀល រួចក៏បបួលគ្នាជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។
ករណីនេះរហូតដល់ម៉ោង១៨ល្ងាច ទើបម្ចាស់ហាងចូលមក ហើយបានឃើញបុរសម្នាក់ដេកសន្លប់ហាក់មិនដឹងខ្លួននិងបុរសម្នាក់ទៀតដឹងខ្លួន តែនិយាយមិនកើត បានត្រឹមតែគ្រវីក្បាលដូចស្រាំងទិច ។ពេលឃើញសភាពដូច្នេះ ម្ចាស់ហាងក៏បានរាយការណ៍ជូនសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ប៉ុន្តែស្រីស្អាតទាំង២នាក់ មិនដឹងជាទៅដល់ទីណាបាត់ទៅហើយ៕