ខេត្តត្បូងឃ្មុំ ៖ បុរស២នាក់បានស្លាប់ភ្លាមៗ នៅកណ្តាលវាលស្រែ ដោយសារគ្រោះធម្មជាតិរន្ទះបាញ់ ។ ដែលហេតុការណ៍កើតឡើងកាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នៅចំណុចវាលស្រែក្នុងភូមិគគីជើង ឃុំគគី ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ជនរងគ្រោះទាំងពីរនាក់ ម្នាក់ឈ្មោះឯល ធារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ និង ម្នាក់ទៀតឈ្មោះវេង ស៊ាងហេង អាយុ២០ឆ្នាំ អ្នកទាំង២ រស់នៅភូមិឃុំកើតហេតុខាងលើ ។

បើតាមការរៀបរាប់របស់លោកទន់ រស់ អាយុ៥២ឆ្នាំ ត្រូវជាឪពុកក្មេកជនរងគ្រោះ ឈ្មោះឯល ធារ៉ា បានឳ្យដឹងថា មុនពេលកើតហេតុគាត់នឹងជនរងគ្រោះទាំង២នាក់កំពុងភ្ជួរស្រែ ពេលនោះមេឃចាប់ភ្លៀង គាត់ក៏កាប់ដីទប់ភ្លឺស្រែ នៅចំងាយប្រហែល៣០ម៉ែត្រ ពីកន្លែងកើតហេតុ ។ ពេលនោះដោយមេឃភ្លៀងខ្លាំងជនរងគ្រោះទាំង២ក៏ពន្លត់ម៉ាស៊ីនភ្ជួរ ហើយទៅអង្គុយក្បែរគ្នាលើភ្លឺស្រែ ស្រាប់តែបន្តិចក្រោយមកក៏ត្រូវរន្ទះបាញ់ធ្វើឳ្យពួកគេទាំង២ស្លាប់ភ្លាមៗតែម្តង ៕










