ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេរមភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជំរុញឱ្យកងយោធខេមរភូមិន្ទ បន្តប្រកាន់យកការបំពេញតួនាទី និងភារកិច្ចស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងនយោបាយការពារជាតិរបស់កម្ពុជា ដើម្បីសម្រេចបានសមិទ្ធិផលកាន់តែល្អប្រសើរជូនជាតិ ប្រជាជន និងមាតុភូមិ។
ការជំរុញរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ដូចនេះបានធ្វើឡើងក្នុងពិធីបូក សរុបលទ្ធផលការងារយោធាសន្តិសុខ ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខឆ្នាំ២០២០ របស់យោធភូមិភាគទី៥ នៅខេត្តបាត់ដំបង កាលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។

ជាមួយគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់យោធភូមិភាគទី៥ ដែលពេញមួយឆ្នាំ២០១៩ កន្លងទៅ បានយកចិត្តទុកដាក់បំពេញ ភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ការធានានូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ និងការកសាង ពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ក៏ដូចជាការចូលរួមចំណែកក្នុងការ អនុវត្តផែនការកែទម្រង់ កងយោធពលខេមរភូមិន្ទ ដែលកំពុងដំណើរការ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បន្ថែមទៀតថា សមិទ្ធផលការងារទាំងនេះ ស្តែងឱ្យឃើញ អំពីកិច្ចខិតខំ ប្រឹងប្រែងប្រកបដោយពលិកម្ម និងការប្តេជ្ញាចិត្តរបស់មេបញ្ជាការ មេបញ្ជាការរង គ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងយោធភូមិភាគទី៥ បានខិតខំរួបរួមគ្នា សម្រេចបានក្នុងរយៈកាលកន្លងមកនេះ ហើយសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំ ព្រមទាំងយោធិនទូទាំងយោធភូមិភាគទី៥ នឹងបន្តប្រកាន់ខ្ជាប់នូវស្មារតី និងគោលការណ៍ទាំងនេះ ដើម្បីធានាបាននូវនិរន្តរភាព ការងារ និងការរីកចម្រើនរបស់យោធភូមិភាគបន្តទៅមុខទៀត៕



