រដ្ឋ​មន្រ្ដី​​ក្រ​សួង​ព័ត៌​មាន​៖ កាល​ពី​ស​ម័យ​មុន​បើ​អ្នក​ណា​ក្ដាប់​ព័ត៌​មាន​គឺ​អ្នក​នោះ​ក្ដាប់​អំណាច ​តែ​សម័យ​នេះ​ អ្នក​ណា​បែង​ចែក​ព័ត៌​មាន​លឿន​ រហ័ស​ អ្នក​នោះ​ក្ដាប់​អំ​ណាច

  • ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា កាលពីសម័យមុន បើអ្នកណាក្ដាប់ព័ត៌មានគឺអ្នកនោះក្ដាប់អំណាច តែសម័យនេះ អ្នកណាបែងចែកព័ត៌មាន បាន លឿន រហ័ស អ្នកនោះក្ដាប់អំណាច។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសំណេះសំណាល ថ្លែងអំណរគុណ និងបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំ មន្រ្ដី រាជការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅក្រសួងព័ត៌មាន។

    ឯកឧត្ដម ខៀវ កាញារីទ្ធ បានថ្លែងថា កាលពីសម័យមុន អ្នកដែលក្ដាប់ព័ត៌មាន គឺអាចបញ្ជាបាន និងធ្វើអ្វីបាន តែសម័យនេះ គឺព័ត៌មានច្រើនហួស ដែលការបែងចែកព័ត៌មាននេះ នឹងធ្វើឱ្យទាំងអស់គ្នាក្ដាប់បាន ហើយធ្វើការដោយសាមគ្គីភាពគ្នា ស្រុះស្រួលគ្នាបាន។

    ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា ក្នុងពេលបច្ចុប្បន្ននេះ មន្រ្ដីក្រសួងព័ត៌មាន នៅខ្វះខាតលើបញ្ហាការបែងចែកចំណេះដឹង ការចែករំលែកពីគ្នាទៅវិញទៅមកលើព័ត៌មាន ជាពិសេស គឺការខ្វះទំនាក់ទំនងផ្ទៃក្នុង។ ឯកឧត្ដមបានបន្ដថា នៅក្រសួងព័ត៌មានសំខាន់គឺផ្ទៃក្នុង របស់ យើង ការចែករំលែកបទពិសោធន៍ ដែលយើងនៅរំលងគ្នា នៅមានប្រកាន់បក្សពួក ឬនៅមានគ្រួសារ ។

    ឯកឧត្ដមរដ្ឋមន្រ្ដីអះអាងថា បច្ចុប្បន្ននេះ បើគ្រប់ផ្នែកទាំងអស់ចេះបែងចែកការងារ គ្នា គឺធ្វើបានល្អ តែបើមិនចេះបែងចែកគ្នាទេ គឺមិនអាចក្ដាប់
    បានព័ត៌មាននោះទេ ពីព្រោះ ព័ត៌មានគឺមានច្រើនណាស់។ទន្ទឹមនេះ ផ្នែកប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននេះគឺរត់លឿនណាស់ ដែលទាមទារនៅពេលនេះ គឺការប្រយុទ្ធលើសង្គ្រាមព័ត៌មាននេះ គឺសំខាន់ណាស់ ទាំងការបែងចែកបទពិសោធន៍ និងការបែងចែកព័ត៌មាន។

    ឯកឧត្ដម ខៀវ កាញារីទ្ធ ក៏បានណែនាំដល់គ្រប់អគ្គនាយកដ្ឋាន មន្ទីរព័ត៌មានគ្រប់ រាជធានី ខេត្ដ ទាំងអស់ ត្រូវចេះរួមសហការសាមគ្គីគ្នា ដែលចំណុចសំខាន់ទី១ ការរាប់អាន គ្នាជាបងប្អូន ទី២ ការប្រជុំឱ្យបានទៀងទាត់តាមអគ្គនាយកដ្ឋាននីមួយៗ ហើយក្រសួងក៏ត្រូវរៀបចំការ ប្រជុំជាមួយអគ្គនាយកទាំងអស់ឱ្យបានទៀងទាត់។ ឯកឧត្ដមបានចាត់ទុក ថា ការរៀបចំប្រជុំនេះ គឺមានសារៈសំខាន់ពីព្រោះ បើកាលណាយើងរៀបចំប្រជុំគឺយើងអាចជជែកការងារជាមួយគ្នា ពីព្រោះការងារព័ត៌មានគ្មាននរណាម្នាក់អាចធ្វើការងារតែម្នាក់ ឯង បាននោះទេ។

    ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានជំរុញដល់គ្រប់ផ្នែក ត្រូវចងចាំថា ងារងារព័ត៌មាននេះ គឺស្ថិតនៅក្នុងគ្រួសារតែមួយ ហើយចាត់ទុកថា វាមានសារៈសំខាន់ក្នុងការសហការគ្នា សាមគ្គី ភាពគ្នាក្នុងការផ្សព្វផ្សាយព័ត៌មាន ដើម្បីទទួលបានការគាំទ្រ និងទទួលជោគជ័យ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង