មន្រ្តី អង្គការ WCS បានឱ្យដឹងនៅល្ងាចនៅថ្ងៃ៧កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី០៨ ខែកុម្ភ: ឆ្នាំ២០២២ថា នៅក្នុងរដូវពងកូនរបស់សត្វត្រដក់តូចឆ្នាំនេះ ដែលចាប់ផ្តើមពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២១ និង បញ្ចប់នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រុមការងារស្រាវជ្រាវសត្វព្រៃ នៃអង្គការ WCS បានរកឃើញសម្បុកសត្វប្រភេទនេះចំនួន ១៦សម្បុក ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។

អង្គការ WCS បានធ្វើការប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិរក្សសត្វប្រភេទនេះ ក្រុមការពារសម្បុកសហគមន៍ បានយាមការពារសម្បុកសត្វទាំងអស់យ៉ាងយកចិត្តទុកដាក់ ចាប់តាំងពីពួកវាបានចូលក្រាបសម្បុកមក ហើយជាលទ្ធផល កូនត្រដក់តូចចំនួន ១៩ក្បាលបានធំលូតលាស់និងត្រៀមហើរចេញពីសម្បុករបស់វា នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២២នេះ។
សត្វត្រដក់តូច ត្រូវបានកត់ត្រាចូលក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទងាយរងគ្រោះនៅលើពិភពលោក។ មានការសន្មតថា ចំនួនសត្វត្រដក់តូចកំពុងតែថយចុះយ៉ាងខ្លាំង បណ្តាលមកពីកត្តាគំរាមកំហែងផ្សេងៗ។ ជាពិសេសដោយសារមានការលួចប្រមូលយកពងនិងកូនត្រដក់តូចពីហ្វូងរបស់វា ការបាត់បង់ទីជម្រកសម្រាប់ធ្វើសម្បុកពងកូន ការផ្លាស់ប្តូរនិងការបាត់បង់តំបន់ដីសើម និងការផ្លាស់ប្តូរទៅរកការធ្វើកសិកម្មតាមបែបប្រពលវប្បកម្ម។ ត្រដក់តូចក៏ទទួលរងការគំរាមកំហែងផងដែរតាមរយៈសកម្មភាពដាក់ថ្នាំបំពុល ក្នុងទឹកដើម្បីចាប់ត្រី។
ប្រទេសកម្ពុជាគឺជាទីជម្រកមួយរបស់សត្វត្រដក់តូច ដែលនៅលើពិភពលោកមានចំនួនសរុបប្រហែល ៣ ០០០ក្បាល ហើយចំនួននេះកំពុងថយចុះ ទោះបីជាមានវិធានការទប់ស្កាត់មិនឱ្យចំនួននេះថយចុះ នៅក្នុងតំបន់មួយចំនួនក្តី ៕










