ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញ​សម្ពោធ​ឆ្លងអគា​រពុទ្ធិកបឋមសិក្សា និងសមិទ្ធផល​នានាក្នុង​វត្តភ្នំសន្ទូច នៅខេត្តកំពង់ឆ្នាំង

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញសម្ពោធឆ្លងអគារពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានានៅក្នុងវត្តពលិសបព្វតារាម (ហៅវត្តភ្នំសន្ទូច) ស្ថិតនៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាថ្ងៃ២៣ ឧសភា ២០២៣។

ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ការសម្ពោធសមិទ្ធផលក្នុងវិស័យសាសនា នៅក្នុងមូលដ្ឋានស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង គឺពិតជាបានបង្ហាញច្បាស់អំពីមនុញ្ញផលនៃសុខសន្តិភាព ស្ថិរភាព និងកម្រិតជីវភាពល្អប្រសើររបស់ប្រជាជន នៅក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងការរួបរួមសាមគ្គីគ្នារបស់ប្រជាពលរដ្ឋនៅក្នុងស្មារតីនៃវប្បធម៌ចែករំលែក។

ឯកឧត្តម បន្តថា កាលពីអតីតកាល គេស្គាល់កម្ពុជាតាមរយៈរបបវាលពិឃាតប៉ុលពត ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ គេស្គាល់កម្ពុជា ក្នុងនាមជាប្រទេសមួយដែលពោរពេញដោយសន្តិភាព និងប្រាសាទអង្គវត្ត ក៏ដូចជាស្នាមញញឹម និងភាពរស់រាយរាក់ទាក់របស់ប្រជាជនក្នុងមោទនភាពខ្ពស់ជាជាតិសាសន៍ខ្មែរ។

ឯកឧត្តម បានបន្តទៀតថា ដើម្បីស្វែងយល់ច្បាស់អំពីដំណើរវិវិត្តន៍របស់កម្ពុជា, យើងអាចសំឡឹងមើលថយក្រោយគិតចាប់ពីការអភិវឌ្ឍរីកចម្រើនខ្លាំងក្នុងសម័យដឹកនាំរបស់ព្រះបរមរតនកោដ្ឋ ហើយដែលត្រូវបានប្រទេសក្នុងតំបន់ប្រសិទ្ធនាមជា “កម្ពុជា៖ គុជនៅអាស៊ី” ដោយបន្តមកដំណាក់កាលក្រោយៗទៀត ដែលមានការប្រែប្រួលឡើងចុះ។ ក្នុងនេះ មានរបបលន់នល់ និងរបបប៉ុលពត ដែលបានធ្វើឱ្យប្រទេសជាតិធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម និងអំពើប្រល័យពូជសាសន៍យ៉ាងសាហាវយង់ឃ្នង រហូតដល់សម័យបច្ចុប្បន្ននេះ ដែលជាសម័យសន្តិភាព, ឯកភាពជាតិ, ឯកភាពទឹកដី និងការអភិវឌ្ឍលើគ្រប់វិស័យ នៅក្រោយថ្ងៃជ័យជម្នះ ៧ មករា និងជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ។

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង