កំពង់ឆ្នាំង ៖ នៅថ្ងៃសុក្រ ៤រោជ ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៣ នៅវត្តទេពធីរាម ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានប្រារព្វធ្វើពិធីស្រោចស្រពព្រះសុគុន្ធវារី ប្រកាសព្រះរាជក្រឺត្យតែងតាំងប្រគេន ព្រះគ្រូពោធិរតនញាណ ឆន ឆុង ឡើងទីជាព្រះវិមលញាណ រាជាគណៈថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តទេពធីតារាម ពេញសិទ្ធ ក្រោមព្រះអធិបតីភាព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ។
និមន្តនិងអញ្ជើញចូលរួមនៅក្នុងពិធីនេះផងដែរ មានព្រះទេពមុនី សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំង ឯកឧត្តម គុយ ចន្ថា សមាជិកក្រុមប្រឹក្សាខេត្ត លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំងមន្ត្រីអាជ្ញាធរមូលដ្ឋាន និងប្រជាពុទ្ធិបរិស័ទ្ទយ៉ាងច្រើនកុះករ ។
សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិតទេព វង្ស បានមានព្រះបន្ទូលថា វត្តអារាមជាទីជម្រកអប់រំ ចរិយាធម៌ដល់ពុទ្ធបរិស័ទ្ទ យុវជនដែលជាទំពាំងស្នងឬស្សី និងជាឳកាសល្អក្នុងការរួបរួមគ្នា ដើម្បីថែរក្សាការពារ សុខសន្តិភាព សេចក្តីសុខសាន្តសង្គមជាតិ ដោយប្រកាន់យកព្រះពុទ្ធឳវាទ ជាប្រទីបបំភ្លឺផ្លូវ ក្នុងការអប់រំសីលធម៌ និងចរិយាធម៌ ។
សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កត្តិឧទ្ទេសបណ្ឌិតទេព វង្ស បានមានព្រះបន្ទូលទៀតថា ការផ្តល់តំណែងដល់មន្ត្រីសង្ឃ គឺដើម្បីបំពេញឲ្យបានត្រឹមត្រូវ នៅរចនាសម្ព័ន្ធគ្រប់គ្រង ដឹកនាំផ្នែកពុទ្ធសាសនា និងដើម្បីកសាងអភិវឌ្ឍន៍នៅក្នុងទីអារាម ឲ្យកាន់តែមានភាពល្អប្រសើរជាងមុន ៕