ឯកឧត្តមហេង រតនា៖ស៊ីម៉ាក់កំពុងយកចិត្តទុកដាក់ពង្រឹងសមត្ថភាពជំនាញបោសសម្អាតមីនដល់មន្ត្រីជំនាន់ក្រោយឲ្យមានសមត្ថភាពខ្ពស់

  • កំពង់ឆ្នាំង ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះស៊ីម៉ាក់បាននឹងកំពុងយកចិត្តទុកដាក់ពង្រឹងសមត្ថភាពជំនាញ ក្នុងការទទួលខុសត្រូវ លើកិច្ចប្រតិបត្តិការណ៍បោសសម្អាតមីន ដល់មន្ត្រីជំនាន់ក្រោយឲ្យមានសមត្ថភាពខ្ពស់ និង មានភាពច្បាស់លាស់លើកិច្ចការបោសសម្អាតមីន ដោយធានាបាននូវសុវត្តិភាព ។

    ឯកឧត្តម ហេង រតនា បានថ្លែងបញ្ជាក់បែបនេះ នៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺបច្ចេកទេសបោសសម្អាតមីនជំនាន់ទី១៤៣ និងវគ្គហ្វឹកហ្វឺនបច្ចេកទេស សុនខល្បាត នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកទេស សកម្មភាពកំចាត់មីន ដែលមានទីតាំង ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង ។

    ឯកឧត្តម អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាតីនកម្ពុជា បានមានប្រសាសន៍ បញ្ជាក់ទៀតថា វគ្គហ្វឹកហ្វឺននេះពិតជាមានសារៈសំខាន់ដល់សិក្ខាកាមទាំងអស់ ដែលបានសិក្សានូវបទពិសោធ បច្ចេកទេសថ្មីៗ លើការងារបោស សម្អាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រកបដោយសុវត្តិភាពខ្ពស់ ក្នុងការបំពេញការងារជាក់ស្តែងរបស់ខ្លួន នៅចំការមីន ។

    ឯកឧត្តម ហេង រតនា បានមានប្រសាសន៍បញ្ជាក់ទៀតថា ដោយឡែកសម្រាប់វគ្គហ្វឹកហ្វឺនបច្ចេកទេសសុនខល្បាត ត្រូវធ្វើឡើងជាបន្តបន្ទាប់ទៀត ពីព្រោះក្រៅពីហិតក្លិនរកគ្រាប់មីនសត្វសុនខវានឹងចូលរួលចំណែក នៅក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស តាមរយះទេពកោសល្យ នៃការប្រើប្រាស់ជំនាញ របស់ពួកវា ក្នុងការហិតគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង