កំពង់ឆ្នាំង ៖ សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានអំពាវនាវរកម្ចាស់គោជាង២០ក្បាលដែលលែងចោលឲ្យដើរស៊ីស្មៅតាមសួនច្បារ ក្នុងក្រុងកំពង់ឆ្នាំង អាណាធិបតេយ្យ ហើយត្រូវបានសមត្ថកិច្ចចាប់ចងទុក៣ថ្ងៃហើយ មិនឃើញមានម្ចាស់មកសួរកយកគោ ត្រឡប់ទៅវិញឡើយ ។

លោកវរៈសេនីយ៍ឯក ឆាយ ខេមរ័ត្ន អធិការនគរបាល ក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា សត្វគោដែលម្ចាស់លែងចោលឲ្យដើរស៊ីស្មៅយ៉ាងអាណាធិបតេយ្យបែបនេះ កើតមានជាយូរខែមកហើយ ដែលគោទាំងនោះ មកពីតាមបណ្ដាលឃុំមួយចំនួន ស្ថិតជាប់នឹងក្រុងកំពង់ឆ្នាំង។ សមត្ថកិច្ចក៏ធ្លាប់បានធ្វើការអប់រំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់គោច្រើនលើកផងដែរ ប៉ុន្តែម្ចាស់គោគាត់មិនចូលរួមអនុវត្តន៍ នៅតែលែងគោចោលបែបនេះទៀត ។

លោកអធិការ បានឲ្យដឹងថា សត្វគោជាង២០ក្បាលនេះ ត្រូវសមត្ថកិច្ចចាប់ចងទុកក្នុងក្រោលមួយដោយឲ្យទឹកឲ្យស្មៅស៊ី៣ថ្ងៃហើយមិនឃើញមានម្ចាស់មកសួរកឡើយ ។ លោកអធិការក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបាត់គោ សូមមកទទួលយកគោត្រឡប់ទៅវិញ ៕
