កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ បានរៀចំធ្វើពិធីសូត្រមន្តចំរើនសិរីសួស្តីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ ព.ស ២៥៦៦ គ.ស២០២២ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងនិងលោកជំទាវ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តនិងមន្រ្តីរាជការតាមមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។

ពិធីនេះបានប្រារព្វធ្វើតាមទំនាមទម្លាប់ ដោយបាននិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត ជយន្តោសិរីសួស្តី ជ័យមង្គលកើតមានដល់ប្រជាពលរដ្ឋមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ។

ឯកឧត្តម អភិបាលខេត្តនិងលោកជំទាវបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី និង វត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រទានពរជ័យសិរីមង្គល បវរមហាប្រសើរ ដល់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការក្នុងខេត្តទាំងអស់សូមមានសុខភាពល្អ ដើម្បីបន្តអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង ឲ្យមានការរីកចម្រើនបន្ថែមទៀត ។

សូមបញ្ជាក់ថា ក្នុងឱកាស អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២២ ខាងមុខនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង នឹងរៀបចំសង្ក្រាន្តនៅទីតាំងចំនួន២ ដែលទីតាំងទី១ នៅសួនសម្តេចចៅហ្វាវាំង គង់ សំអុល ក្នុងក្រុងកំពង់ឆ្នាំង។ ទីតាំងទី២ នៅសួនឈ្វាំងសែនជ័យ ក្នុងស្រុករលាប្អៀរ ។

នៅទីតាំងទាំង២នេះ មានរៀបចំការលេងល្បែងប្រជាប្រិយ ប្រពៃណីជាតិគ្រប់ប្រភេទ ការ ប្រគំតន្ត្រី រាំលេងកម្សាន្ត និង មានការបាញ់កាំជ្រូចផងដែរ រយៈពេល៣ថ្ងៃ ដោយចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃ១៦ ខែមេសា ឆ្នាំ ២០២២ ៕













