កំពង់ឆ្នាំង ៖ក្រុមការងារព័ត៌មាន និងសាធារណមតិ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ឈាង វណ្ណះ ប្រធានមន្ទីរស្តីទីនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បានបន្តធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដោយបានចុះទៅផ្សព្វផ្សាយដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន កំពង់លែង ។

លោក ហឹង ចូច អនុប្រធានមន្ទីរ និងជាប្រធានក្រុមការងារព័ត៌មាន និងសាធារណមតិនៃមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង បានថ្លែងថាយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ បានចាប់ផ្តើមចេញដំណើរ ជាផ្លូវការ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ សម្រាប់រយៈពេល១ឆ្នាំ ក្នុងគោលបំណង ដើម្បីបង្ការ និងទប់ស្កាត់ លុបបំបាត់ព័ត៌មានមិនពិត បំភ្លៃ បំផ្លើស បំភ័ន្ត និងបំផ្លាញ តាមរយៈការពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជូនដល់សាធារណជន និងអនុវត្តវិធានការចាំបាច់មួយចំនួន ។

លោក សែម សុខន ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកកំពង់លែង បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះព័ត៌មានក្លែងក្លាយ ដែលគេប្រឌិតឡើងដើម្បីបំប៉ោង បំផ្លើស បំភ្លៃ ខុសពីការពិត ផ្តល់ផលអវិជ្ជមានជាច្រើនដល់សង្គម ។ដូចនេះមុននឹងជឿ និងចែកចាយបន្តត្រូវពិនិត្យឲ្យបានច្បាស់ ហើយយើងទាំងអស់គ្នា ត្រូវនិយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ ៕











