កំពង់ឆ្នាំង ៖ បទល្មើសនេសាទ មានរបាំងសាច់អួនចំនួន៥កន្លែង របាំងស្បៃមុង១៥ និង របាំងរាំងផ្ជិតព្រែក១កន្លែង ដែលជនខិលខូចលួចធ្វើសកម្មភាពដាក់ស្ទាក់ចាប់ត្រី នៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកជលគិរី ស្រុកកំពង់ត្រឡាច និង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំងចម្រុះ ធ្វើការបង្ក្រាប និង រុះរើបំផ្លាញចោល នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បទល្មើសនេសាទ នៅក្នុងរដូវនេះ ភាគច្រើនមានរបាំងសាច់អួន និង របាំងស្បៃមុង។នៅថ្ងៃទី១០ សីហានេះ កម្លាំងចម្រុះ បានសម្រេចរុះរើ និង បំផ្លាញចោលនៅនឹងកន្លែង មានរបាំងសាច់អួន៥កន្លែង ប្រវែង៤៥០ម៉ែត្រ លូសាច់អួនចំនួន៦មាត់ របាំងស្បៃមុង១៥កន្លែង ប្រវែង៥៧៥ម៉ែត្រ លូស្បៃមុង១៣មាត់ របាំងរាំងផ្ជិតព្រែក១កន្លែង ប្រវែង១៥ម៉ែត្រ លបឬស្សីចំនួន៤ ព្រួល១០ផែន ប្រវែង៥០ម៉ែត្រ បង្គោល៦៤៥ដើមនិងចាក់លែងត្រីចម្រុះចំនួន១២០គីឡូក្រាម ។

លោក លី ឡា បានអំពាវនាវដល់ប្រជានេសាទទាំងអស់ ត្រូវបញ្ឈប់ការប្រើឧបករណ៍ល្មើសច្បាប់ ចាប់ត្រីជាបន្តទៀត ពិសេសឧបករណ៍ឆក់និងស្បៃមុង ដែលជាប្រភេទឧបករណ៍ បំផ្លិចបំផ្លាញមច្ឆាជាតិយ៉ាងធ្ងន់ធ្ងរ ៕





