ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​​ ស៊ុន​ ចាន់​ថុល​៖ គម្រោង​សាង​សង់​ផ្លូវ​៥០​សេ​ ​ភ្ជាប់​ពី​ខេត្ត​កំពង់​ឆ្នាំង​ ទៅ​ខេត្ត​កំពង់ធំ​​ នឹង​បើក​កា​រដ្ឋាន​សាង​សង់​នៅ​ឆ្នាំ​ក្រោយ​

  • កំពង់ឆ្នាំង ៖ លើកឡើងក្នុងឱកាសដឹកនាំក្រុមការងារចុះត្រូតពិនិត្យកំពង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្ម នៅស្រុកំពង់លែង នាថ្ងៃទី២​៦ ខែ​មិថុនា ឆ្នាំ២០២៣នេះ ឯកឧ្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវ៥០សេ ភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ និងបើកការរដ្ឋានសាងសង់នៅឆ្នាំ២០២៤ខាងមុខនេះ ។

    ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងដូចនេះថា « គម្រោងសិក្សាផ្លូវ ៥០សេ គឺបានសិក្សាចប់សព្វគ្រប់អស់ហើយ ទាំងផ្នែកបរិស្ថាន ជលផល គឺមិនមានផលប៉ះពាល់អ្វីនោះទេ ដូចនេះសម្តេចតេជោ ហ៊ុន សែន លោកបានមានប្រសាសន៍ថា ឆ្នាំ២០២៤ នឹងរៀបចំបើកការដ្ឋានសាងសង់ផ្លូវ៥០សេ ភ្ជាប់ពីកំពង់ឆ្នាំង ទៅខេត្តកំពង់ធំនេះ»។

    បន្ថែមពីនេះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងផងដែរ ពីកំពង់ផែពហុបំណង របស់ផ្នែកឯកជនមួយដែលបានសាងសង់នៅជាប់ផ្លូវ៥០សេនេះ ដើម្បីនាំយកទំនិញ នាំយកផលិតផលទៅលក់នៅក្នុងទីផ្សារក្នុងស្រុក និងទៅផ្សារអន្តជាតិ ហើយការសាងសង់កំពង់ផែនេះ ពិតជាស៊ីចង្វាក់គ្នាជាមួយនឹងផ្លូវ៥០សេ នេះផងដែរ ។

    ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងទៀតថា ក្រោយការសាងសង់ផ្លូវ៥០សេ នេះរួច កសិកផលរបស់ប្រជាពលរដ្ឋពីខាងខេត្តព្រះវិហារ អាច​មក​តាមខេត្តកំពង់ធំ ចូលតាមផ្លូវ៥០សេ និងបន្តចូលក្នុងកំពង់ផែពហុបំណងមួយនេះ ដើម្បីអាចបន្តដឹកតាមកប៉ាល់ តាមព្រែកជីកហ្វូណនតេជោ ឆ្ពោះទៅកាន់សមុទ្រ និងបន្តទៅក្រៅប្រទេសបានតែម្តង។

    បើតាមឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ បានដើរតួនាទីសំខាន់ណាស់ ប្រៀបតាមនឹងសរសៃឈាមសេដ្ឋកិច្ចជាតិ ដូចនេះការដាក់ទុនក្នុងការសាងសង់ផ្លូវ គឺដើម្បីជម្រុញក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែមានភាពរីកចំរើនថែមទៀត ក្នុងនោះដែរក្រសួងក៏នឹងនៅតែបន្តខិតខំកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដើម្បីសម្រួលដល់ការដឹកជញ្ជូនឱ្យបានកាន់តែល្អប្រសើរថែមទៀត។

    បើតាមការបញ្ជាក់របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គម្រោងសាងសង់ផ្លូវ៥០សេ នឹងសាងសង់ជាផ្លូវបេតុងកៅស៊ូ(AC) និងមានលូជាង​១០០​កន្លែង មានស្ពានដើម្បីបើកមុខទឹកឱ្យត្រីឆ្លងកាត់ និងសម្រាប់ប្រជាពលរដ្ឋអាចអុំទូកឆ្លងកាត់ ហើយផ្លូវនេះក៏នឹងមានការតភ្ជាប់ជាមួយ​នឹង​ស្ពាន​ដ៏វែង​មួយ ​មានប្រវែងរហូតដល់៤គីឡូម៉ែត្រ ដែលជាស្ពានដ៏វែងជាងគេនៅកម្ពុជាផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង