កំពង់ឆ្នាំង ៖ ឯកឧត្តម ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង បានណែនាំ ដល់មន្ត្រីជំនាញ និងមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យបង្កើនការយកចិត្តទុកដាក់ក្នុងការពន្លឿនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានទាន់ពេលវេលានិងត្រូវពង្រឹងប្រសិទ្ធភាពការងារ ទៅតាមជំនាញនិងដែនសមត្ថកិច្ចរបស់ខ្លួន. ។

ឯកឧត្តម ឈិន សេងងួន បានធ្វើការណែនាំដល់មន្ត្រីបែបនេះ នៅកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣០ ខែឧសភា
ឆ្នាំ២០២២ ។

ឯកឧត្តម អភិបាលរងខេត្ត បានមានប្រសាសន៍ថា ការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ជាការងារសំខាន់មួយ ដែលមន្ត្រីជនាញនិងមន្ត្រីអាជ្ញា
ធរ ត្រូវយកចិត្តទុកដាក់ ធ្វើឲ្យបានទាន់ពេលវេលា។ ជាមួយនេះត្រូវផ្សព្វផ្សាយ និង ជម្រុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពនៅគ្រប់
មូលដ្ឋាន ធានាបាននូវសន្តិសុខ សុវត្តិភាព និង សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ។

ឯកឧត្តម ឈិន សេងងួន បានបញ្ជាក់ទៀតថា ក្នុងរយះពេលចុងក្រោយនេះ យើងសង្កេតឃើញបទល្មើសនេសាទ មានការថយចុះ ប៉ុន្តែយើងត្រូវខិតខំបន្ថែមទៀត ដោយមន្ត្រីជំនាញត្រូវសហការជាមួយមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង សមត្ថកិច្ចដែលពាក់ព័ន្ធ បន្តចុះបង្ក្រាបនៅគ្រប់ទីកន្លែង ឲ្យមាន
ប្រសិទ្ធភាព ពិសេសនៅក្នុងរដូវបិទបេសាទ ដែលរដូវត្រីពងកូននេះ ៕











