កំពង់ឆ្នាំង៖ លោក ហ៊ីង ភ័ព្វមិនា អភិបាលក្រុងកំពង់ឆ្នាំង បានដាក់ទិសដៅអភិវឌ្ឍន៍ ប្រែក្លាយគ្រប់ផ្លូវទាំងអស់ក្នុងក្រុងកំពង់ឆ្នាំង ឲ្យទៅជាផ្លូវកៅស៊ូឬផ្លូវបេតុង និងមានបំពាក់អំពូលសូឡាបំភ្លឺផ្លូវ នៅត្រឹមឆ្នាំ២០២៣។ ការបញ្ជាក់ពីគម្រោងទិសដៅអភិវឌ្ឍន៍នេះ បានធ្វើឡើងក្រោយមួយថ្ងៃ នៃការប្រកាសចូលកាន់តំណែងជាផ្លូវការជាអភិបាលក្រុងកំពង់ឆ្នាំង។
លោក ហ៊ីង ភ័ព្វមិនា បានបន្តថា ក្រៅផែនការអភិវឌ្ឍន៍ផ្លូវ លោកក៏មានផែនការអាទិភាពផ្សេងទៀតដូចជា ការអភិវឌ្ឍន៍ប្រព័ន្ធលូ បញ្ហាសំរាមដោយជំរុញអប់រំប្រជាពលរដ្ឋបន្ថែមលើការទុកដាក់វេចខ្ចប់ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេស ពង្រឹងការងារអនុវតត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
គួរបញ្ជាក់ថា លោក ហ៊ីង ភ័ព្វមិនា ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលក្រុងកំពង់ឆ្នាំងផ្លូវការកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ជំនួសលោក យិន សាវ៉េន ដែលត្រូវតែងតាំងជាអភិបាលរងខេត្ត ។ មុនក្លាយជាអភិបាលក្រុងកំពង់ឆ្នាំង លោក ហ៊ីង ភ័ព្វមិនា បានបំពេញភារកិច្ចក្នុងតំណែងជាអភិបាលរងក្រុងកំពង់ឆ្នាំងអស់រយៈពេល៨ឆ្នាំ៕














