អគ្គិ​​ភ័យ​កើត​ឡើង​នៅ​ទីតាំង​២​ផ្សេង​គ្នា​បណ្តាលអោយ​ឆេះ​​ខូច​ខាត​ផ្ទះ​៣​ខ្នង​និង​ស​ម្លាប់​យុវ​ជន​ម្នាក់​នៅ​ខេត្ត​កំពង់​ស្ពឺ​

  • កំពង់ស្ពឺ៖ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថានៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២នេះ មានផ្ទះចំនួនបីខ្នងដែលស្ថិតនៅក្នុងស្រុកចំនួនពីរបានរងនូវការឆាបឆេះពេលតំណាលគ្នា ធ្វើឱ្យខូចខាតផ្ទះនិងសំភារៈអស់មួយចំនួនធំ។ ក្នុងនោះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពងស្ពឺចំនួន២ខ្នងបានរងនូវការឆាបឆេះនៅវេលាម៉ោងប្រមាណ១និង២០នាទីរំលងអាធ្រាតថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ បណ្តាលឱ្យផ្ទះរបស់ឈ្មោះ ណុក ចន្ថា ភេទប្រុស អាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះ ឃួន ស្រីនាថ អាយុ៣០ឆ្នាំ ដែលធ្វើពីឈើលើ បេតុងក្រោម ប្រក់ស៊ីប្រូស៊ីម៉ង់ និងតយ៉ាកប្រក់សង្ក័សី ទំហំ៨ម៉ែត្រ×១៤ម៉ែត្រឆេះអស់ទាំងស្រុង។ ក្នុងនោះម៉ូតូ២គ្រឿងម៉ាកHondaClick១គ្រឿង និងHonda cubសេ90 ១គ្រឿង ទូឈើសំរាប់ដាក់ខោអាវចំនួន២ លុយខ្មែរ៤លានរៀល គ្រែដេកចំនួន៤និងសម្ភារ:ផ្ទះបាយមួយចំនួនក៏រងការឆេះអស់រលីងដែរ។ចំណែកផ្ទះទី២ដែលសង់ឡើងពីឈើប្រក់សង្ក័សី ទំហំ៥ម៉ែត្រ×១២ម៉ែត្រស្ថិតនៅក្បែរគ្នាក៏ត្រូវឆេះអស់ទាំងស្រុងដែរដោយក្នុងនោះឆេះទាំងទូឈើចំនួន២ គ្រែដេកចំនួន២ និង លុយខ្មែរ២០ម៉ឺនរៀលផងដែរ។

    ហេតុការណ៍នៃការឆេះផ្ទះទាំងពីរខាងលើ ម្ចាស់ផ្ទះបានអះអាងប្រាប់សមត្ថកិច្ចថាផ្តើមឡើងពីភ្លើងទៀនដែលអុជបំភ្លឺផ្ទះ ខណៈយប់កើតហេតុមានការដាច់ចរន្តអគ្គិសនី ហើយក៏ដេកលក់ទៅ ភ្លើងទៀនក៏រាល​ឆេះ​ពូកបង្កជាអគ្គិសភ័យតែម្តង។ហើយភ្លាមៗនោះដែររថយន្តពន្លត់អគ្គិសភយ័ចំនួន០៧គ្រឿងដែលមាន រថយន្តស្នងការដ្ឋានចំនួន០២គ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចចំនួន០១គ្រឿង ក្រុងច្បាមនចំនួន០១គ្រឿង អាវុធហត្ថខេត្ត០១គ្រឿង រថយន្តកោះឆ្នេរ០១គ្រឿង រថយន្តសាលាកម្ពុជា.វៀតណាម០១គ្រឿង បានចេញមកជួយអន្តរាគមន៍ផងដែរ ប៉ុន្តែរថយន្តសង្គ្រោះមិនអាចចូលដើម្បីបាញ់ពន្លត់បានដោយស្ថានភាពភាពផ្លូវកន្លែងកើតហេតុកំពុងចាក់បេតុងនិងចាក់លូគៀបផ្លូវធ្វើឱ្យផ្លូវតូចចង្អៀតរថយន្តចូលអត់រួច។

    ចំពោះករណីអគ្គិសភ័យមួយទៀតដែលកើតឡើងក្នុងពេលតែមួយគឺវេលាម៉ោង១:៣០នាទីរំលងអាធ្រាត នៅចំណុចភូមិត្រពាំងទន្លាប់ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បណ្តាលឱ្យផ្ទះមួយខ្នងដែលសង់ឡើងធ្វើពីឈើប្រក់ក្បឿង មានទំហំទទឹង៥ម៉ែត្រ×បណ្តោយ០៧ម៉ែត្រ របស់ឈ្មោះ សយ រ៉ា ភេទស្រី អាយុ៤៩ឆ្នាំ ត្រូវឆេះអស់ទាំងស្រុង ដែលមូលហេតុផ្តើមឡើងពីការផ្ទុះសេខ្សែភ្លើង។ហេតុការណ៍នេះបានបណ្តាលយុវជនម្នាក់ឈ្មោះ ឡេង ណារ៉ាត់ អាយុ២៣ឆ្នាំ(ជនវិកលចរិត) ត្រូវជាកូនម្ចាស់ផ្ទះបានស្លាប់ក្នុងភ្នក់ភ្លើង។

    អាជ្ញាធរមូលដ្ឋានស្រុក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលអំពិល សហការជាមួយ កម្លាំងរដ្ឋបាលឃុំទួលអំពិល និងលោកមេភូមិត្រពាំងទន្លាប់ បានចុះដល់កន្លែងកើតហេតុ និងព្យាយាមជួយអន្តរាគមន៍រំដោះជនរងគ្រោះចេញពីភ្នក់ភ្លើង តែមិនអាចជួយសង្គ្រោះបានទាន់ពេលវេលា ខណៈទទួលពត៌មាន រាយការណ៍ពីប្រជាពលរដ្ឋមកយឺតពេល ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង