ក្នុងឱកាសចុះបំពេញបេសកកម្មការងារនៅខេត្តកំពង់ចាម ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានជំរុញដល់ថ្នាក់ដឹកមន្ត្រីក្រោមឱវាទទាំងអស់នៅក្នុងឃុំល្វេ ក៏ដូចជានៅក្នុង ស្រុកកោះសូទិនទាំងមូល ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាជីវភាពរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋានរបស់ខ្លួន ហើយអ្វីដែលសំខាន់ត្រូវចងចាំការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ជាក់ថា មន្ត្រី គឺជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយ របស់ប្រជាជន នោះទេ។ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារបំពេញការងារ រួមជាមួយសមិទ្ធផលនានា និងជួបសំណេះសំណាលជាមួយ អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម ខៀវ កាញារីទ្ធ បានលើកឡើងនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅទីជនបទ តាមរយៈការជួយកសាងនូវរាល់សមិទ្ធផលនានា ដែលបម្រើឱ្យសេចក្តីត្រូវការប្រើប្រាស់ប្រចាំថ្ងៃ។ ឯកឧត្ដមបានលើកឡើងថា អ្វីដែលសំខាន់ និងជាការគិតគួរខ្ពស់បំផុតនោះ គឺដាក់ឱ្យដំណើរការអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ ដែលកម្មវិធីនេះ ជាវិធានការជំនួយសង្គមរបស់រាជរដ្ឋាភិបាលសំដៅជួយសម្រួលជីវភាពប្រចាំថ្ងៃជូនដល់គ្រួសារក្រីក្រនិងងាយរងគ្រោះ ដែលមានប័ណ្ណសមធម៌ទូទាំងប្រទេស។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់បន្ថែម ចំពោះកុមារអាយុក្រោម ៥ឆ្នាំ ជនមានពិការភាព ជនចាស់ ជរា អាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកមានផ្ទុកមេរោគអេដស៍ នៅក្នុងគ្រួសារក្រីក្រ។
ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្ដថា បច្ចុប្បន្ន គ្រួសារដែលមានប័ណ្ណសមធម៌ (ទាំងក្រ-១ និងក្រ-២) មានប្រមាណជាង ៥៦ ម៉ឺនគ្រួសារ ដែលរាជរដ្ឋាភិបាលត្រូវចំណាយថវិកាប្រមាណជាង ប្រមាណ ២៥ លានដុល្លារ ក្នុងមួយខែៗ សម្រាប់បើកផ្តល់ជូន។ ជាមួយនេះដែរ អ្វីដែលសំខាន់នោះ គឺការបង្កើតបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) ក្នុងការធានាសន្តិសុខប្រាក់ចំណូលជាមូលដ្ឋានដល់កម្មករ និយោជិត ក៏ដូចជាមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ពិសេសនៅពេលចូលពិនិត្យ និងព្យាបាលជំងឺ នៅមន្ទីរពេទ្យរដ្ឋ និងឯកជនដែលជាដៃគូជាមួយ ប.ស.ស គឺមិនបាច់ បង់ប្រាក់នោះទេ គឺរដ្ឋជាអ្នកចេញថ្លៃឱ្យ។ សម្រាប់ប្រជាពលរដ្ឋដែលមានប័ណ្ណសមធម៌ គឺពិនិត្យព្យាបាលជំងឺ នៅមន្ទីរមិនអស់លុយនោះទេ ហើយអ្នកទៅកំដរអ្នកជំងឺ ក៏ទទួលបាន ថវិកាផងដែរ។
ប្រភព៖ AKP