ឯក​ឧត្តម​ ហេង​ រតនា​៖ ស៊ី​ម៉ាក់​កំពុង​ពង្រឹង​សមត្ថភា​ព​ដល់​មន្ត្រី​ជំ​នាន់​ក្រោយ​លើ​កិច្ច​ការ​បោស​សម្អាត​មីន​​ដោយ​ធានា​បាន​នូវ​សុវត្ថិ​ភាព​ខ្ពស់​

  • កំពង់ឆ្នាំង ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានថ្លែងឲ្យដឹងថា បច្ចុប្បន្នស៊ីម៉ាក់បាននឹងកំពុងយកចិត្តទុកដាក់ពង្រឹងសមត្ថភាពជំនាញ ក្នុងការទទួលខុសត្រូវ លើកិច្ចប្រតិបត្តិការបោសសម្អាតមីន ដល់មន្ត្រីជំនាន់ក្រោយ ឲ្យ មានសមត្ថភាពខ្ពស់និងមានភាពច្បាស់លាស់លើកិច្ចការបោសសម្អាតមីន ដោយធានាបាននូវសុវត្តិភាពខ្ពស់ ។

    ឯកឧត្តម ហេង រតនា បានថ្លែងឲ្យដឹងបែបនេះ នៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះកម្រិត៣ ជំនាន់ទី១១ និង វគ្គហ្វឹកហ្វឺនមូលដ្ឋានគ្រឹះបោសសម្អាតមីន ដល់សិក្ខាកាមមកពីអង្គការ APOPO នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន ដែលមានទីតាំងស្ថិតក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ។

    ឯកឧត្តម អគ្គនាយកស៊ីម៉ាក់ បានមានប្រសាសន៍បញ្ជាក់ទៀតថា វគ្គហ្វឹកហ្វឺននេះពិតជាមានសារសំខាន់បំផុតដល់សិក្ខាកាមទាំងអស់ ដែលបានសិក្សានូវបទពិសោធន៍ បច្ចេកទេសថ្មីៗ ក្នុងការបោស​សម្អាត​មីន​និង​យុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រកបដោយសុវត្តិភាពខ្ពស់ ក្នុងការបំពេញការងារជាក់ស្តែងរបស់ខ្លួន នៅចំការមីន ។លោកម៉ុង សុគន្ធារ័ត្ន ប្រធានវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន បានឲ្យដឹងថា វគ្គហ្វឹកហ្វឺនកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះកម្រិត៣ មានសិក្ខាកាមជាជំនាញដោះមីន មកពីអង្គការដោះមីន CSHD កម្ពុជាចំនួន១២នាក់ មន្ត្រីជំនាញអង្គភាពស៊ីម៉ាក់ចំនួន៨នាក់ និង មន្ត្រីនគរបាលមកពីខេត្តកណ្តាលចំនួន១នាក់ ។ ដោយឡែកសម្រាប់វគ្គហ្វឹកហ្វឺនមូលដ្ឋានគ្រឹះបោសសម្អាតមីន សម្រាប់បុគ្គលិកមកពីអង្គការAPOPO ដែលមានសក្ខាកាមអន្តរជាតិចំនួន៨នាក់ ក្នុងនោះមកពីប្រទេសទួគីចំនួន២នាក់ជាស្រី មកពីប្រទេសបូស្នៀចំនួន២នាក់ ប្រទេសស៊ូដង់ចំនួន៣នាក់ និង ប្រទេសកូឡំប៊ីចំនួន១នាក់ ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង