កំពង់ឆ្នាំង ៖ ប្រធានមន្ទីរធនធានទឹក និង ឧតុនិយម ខេត្តកំពង់ឆ្នាំង លោកដោក ប៊ុនថុន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២នេះបានចេញសេចក្តីជូនដំណឹងមួយ ដោយអំពាវនាវឲ្យអាជ្ញាធរ ជាពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងក្រាំងពន្លៃ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយសារតែមានភ្លៀងធ្លាក់ខ្លាំង នៅផ្នែកខាងលើអាងទឹកអន្លង់ជ្រៃ រហូតទ្វារបើកដោយស្វ័យប្រវត្តិទៀតផង ។

យោងតាមសេចក្តីជូនដំណឹង របស់មន្ទីរធនធានទឹក និង ឧត្តុនិយម ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា យោងតាមការព្យាករណ៍ លើស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និង ឧតុនិយម មន្ទីរធនធានទឹកនិងនឧតុនិយមខេត្តកំពង់ឆ្នាំង តែងតែមានការប្រុងប្រយ័ត្នរាល់សភាពការណ៍អាកាសធាតុនដែលអាចកើតមាន ភាពរាំងស្ងួត ឬទឹកជំនន់ក្នុងដែនដី នៃខេត្តកំពង់ឆ្នាំង ។
មន្ទីរជំនាញបានបន្តថា កាលពីយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ មានភ្លៀងធ្លាក់ច្រើនផ្នែកខាងលើធ្វើឲ្យអាងទឹកអន្លង់ជ្រៃ មានសន្ទុះ កើនឡើងដល់កំរិតទ្វារទឹកអូតូម៉ាទិច បានរបើកឡើង ដើម្បីដោះទឹកចេញពីអាង។ តាមសា្ថនភាពខាងលើដងស្ទឹងក្រាំងពន្លនឹងអាចមានទឹកជំនន់ ក្នុងរយៈពេលពីរថ្ងៃខាងមុខ បើភ្លៀងនៅតែបន្តធ្លាក់លើផ្ទៃរងទឹកភ្លៀង នៃផ្ទៃអាងស្ទឹងក្រាំពន្លៃ ។
ជាមួយស្ថានភាពបែបនេះ មន្ទីរធនធានទឹក សូមឲ្យអាជ្ញាធរដែនដី ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងក្រាំងពន្លៃ បង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងដែលអាចកើតឡើងជាយថាហេតុនូវគ្រោះថ្នាក់ផ្សេងៗ ៕











