កំពង់ឆ្នាំង ៖លោក សាន់ យូ អភិបាលរងខេត្ត និងជាប្រធានអ្នកនាំពាក្យ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានជំរុញឲ្យមន្ត្រីព័ត៌មាន និងសាធារណមតិ ទាំងនៅថ្នាក់ខេត្ត និងមូលដ្ឋាន ត្រូវបង្កើនការផ្សព្វផ្សាយពីសមិទ្ធផល និងសក្តានុពលរបស់ខេត្ត ដើម្បីផ្តល់ចំណេះដឹង និងព័ត៌មានគ្រប់ជ្រុងជ្រោយជូន សាធារណ ជន និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ ។

លោកអភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ជំរុញដល់មន្ត្រីបែបនេះ នៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការអនុវត្តលើការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ។

លោក សាន់ យូ បានមានប្រសាសន៍បញ្ជាក់ថា ស្ថិតក្នុងសម័យបច្ចេកវិទ្យាឌីជីថល ការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គម និងឧបករណ៍អេឡិចត្រូនិច បានទទួលការចាប់អារម្មណ៍ពីសំណាក់ប្រជាជនកម្ពុជាស្ទើរគ្រប់វ័យ ។បណ្តាញសង្គមដែលកំពុងប្រើប្រាស់បច្ចុប្បន្ន មានទាំងព័ត៌មានពិត និងព័ត៌មានមិនពិតផងដែរ ដើម្បីធានាបាននូវស្ថេរភាព នៃសង្គម និងកុំឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ ចំពោះព័ត៌មានមិនពិតនោះ រដ្ឋបាលខេត្តបានរៀបចំក្រុមតាមដានព័ត៌មាន នៅលើបណ្តាញសង្គមនានា តាមបណ្តាក្រុង ស្រុក,ក្រុមព័ត៌មាន និងសាធារណមតិ របស់មន្ទីរព័ត៌មានខេត្ត ដើម្បីតាមដាន ឆ្លើយតប និងធ្វើការបំភ្លឺនូវរាល់ព័ត៌មានបំភ្លើស បំភ្លៃ ខុសពីការពិត បានទាន់ពេលវេលា ។

លោក អភិបាលរងខេត្ត ក៏បានបញ្ជាក់ផងដែរថា ការផ្សព្វផ្សាយពីព័ត៌មាននៅក្នុងមូលដ្ឋានបានកាន់តែច្រើន វាបានផ្ដល់ព័ត៌មានដល់សាធារណជន ដែលចេញពីប្រភពច្បាស់លាស់ និងជួយដល់ការពិចារណាលើព័ត៌មានមិនពិត ព្រមទាំងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដើម្បីប្រយោជន៍បុគ្គល និងជាការបំពុលសង្គម។

លោក សាន់ យូ បានជំរុញដល់មន្ត្រីក្រុមការងារសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ត្រូវក្ដាប់ស្ថានការណ៍ ឱ្យបានជាប្រចាំ ទាំងព័ត៌មានល្អ និងព័ត៌មានប្រឈម រសើប សម្រាប់ជាមូលដ្ឋាន រៀបចំការឆ្លើយតប ស័ក្តិសមជាសេនាធិការរបស់រដ្ឋបាលខេត្ត ក្នុងការចូលរួមទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយ ៕


