ក្រសួ​ងកសិកម្ម ចេញវិធានការ​បន្ទាន់ ដើម្បីធានា​សន្តិសុខ​ស្បៀង ខណៈ​ការ​ដាំដុះ​ដំណាំ​ស្រូវ​វស្សា​ឆ្នាំ​នេះ យឺត​ជាង​ឆ្នាំមុន​

  • នៅក្នុងសារាចរណែនាំ ស្តីពីការថែទាំស្រូវរដូវវស្សា កាលពីថ្ងៃពី២៧ ខែឧសភាម្សិលមិញ ឯកឧត្តម វេង សាខុន រដ្ឋមន្តី្រ​ក្រសួង​កសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញវិធានការចាំបាច់ និងបន្ទាន់​មួយ​ចំនួន ដើម្បីធានា​បានសន្តិសុខ​ស្បៀង និងឈាន​ស​ម្រេច​​​​បានតាមគោលនយោបាយ​ជំរុញ​ផលិត​កម្ម​ស្រូវ និងការនាំចេញអង្ករ ជាពិសេសដើម្បីឱ្យលទ្ធផល​នៃការងារ​បង្ក​បង្កើនផល​សម្រេច​​​បានល្អ​ប្រសើរ ទៅតាម​ផែន​ការគ្រោងទុក ខណៈការដាំដុះដំណាំស្រូវវស្សាឆ្នាំនេះមានភាពយឺតយ៉ាវជាងឆ្នាំមុន​ ដោយ​សារ​តំបន់​មួយចំ​នួន​លិចទឹក និងជោគជាំពេកដែលកសិករមិនអាចភ្ជួររាស់បាន។វិធានបន្ទាន់ដែលរដ្ឋមន្តី្រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញ នោះរួមមាន ឲ្យមន្ត្រី​ជំនាញ និងអាជ្ញាធរចុះណែនាំ​កសិករ​ឱ្យយកចិត្តទុកដាក់ពិនិត្យស្រែ និងត្រៀមលក្ខណៈ​រៀប​ចំដី​​ស្រែ ជាពិសេស​ត្រូវបិទភ្លឺ និងបូមទឹកចេញពីក្នុងស្រែ​ករណីមាន​ការ​​លិចលង់ដោយ​ជំនន់ទឹក​ភ្លៀងដើម​រដូវនេះ ជំរុញឱ្យប្រជាកសិករចាប់ផ្ដើមដាំដុះស្រូវរដូវវស្សាពឹងទឹកភ្លៀងនៅតំបន់ខ្ពស់ ដែល​កសិករ​ទម្លាប់​ដាំដុះក្នុងខែកក្កដា ឬខែសីហា ឱ្យប្រញាប់ប្រញាល់ដាំដុះ ព្រោះឆ្នាំនេះមិនមាន​កូនរដូវ​ប្រាំងនោះទេ។ឯកឧត្តម រដ្ឋមន្តី្រ ក៏ឲ្យមន្ត្រី​ជំនាញ និងអាជ្ញាធរចុះណែនាំដល់កសិករពីបច្ចេកទេសថែទាំដំណាំស្រូវ ដូចជាការ​ប្រើប្រាស់ជីបំប៉ន ថ្នាំ​ក​​សិ​កម្ម និងការគ្រប់គ្រង​សមាសភាពចង្រៃ ឱ្យបានទាន់ពេលវេលា និងមាន​ប្រសិទ្ធភាព និងឲ្យត្រៀមឧបករណ៍ សម្ភារៈ និង​គ្រាប់​​ពូជស្រូវ សម្រាប់ដាំ​ដុះស្តារឡើងវិញក្នុង​ករណីមានការខូចខាតដំណាំស្រូវដោយសារទឹកជំនន់ ។

    គួបញ្ជាក់ថា នៅរដូវវស្សាឆ្នាំ២០២២នេះ ដោយទឹកភ្លៀងបានចាប់ផ្ដើម​ធ្លាក់លឿន​ជាងបណ្តាឆ្នាំមុនៗ និងរាយប៉ាយ​ស្ទើរគ្រប់ តំបន់​ដែល​បាន​ផ្តល់អំណោយ​ផលដល់​ការដាំដុះដំណាំ​ស្រូវដើមរដូវ។​គិតត្រឹម​ថ្ងៃទី២៥ ខែឧសភា កសិករសម្រេចដាំដុះដំណាំស្រូវវស្សា​បាន​ជាង​៥០ម៉ឺនហិកតា ស្មើនឹង​១៩,១៩​ភាគរយ នៃផែនការជាង២លាន ហិកតា ។ បើប្រៀបធៀបនឹងឆ្នាំ២០២១ ក្នុងរយៈ​ពេល​ដូច​​គ្នា ការដាំ​ដុះដំណាំស្រូវវស្សាមានភាពយឺតជាង ព្រោះតំបន់មួយចំនួនលិចទឹក និងជោកជាំពេកមិន​អាចភ្ជួររាស់​បាន។

    ជាក់ស្ដែង នៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តត្បូងឃ្មុំ បានជួប​ប្រទះ​នឹងគ្រោះជំនន់​​ទឹកភ្លៀង​នៅ​ដើមរដូវ ដែលធ្វើឱ្យប៉ះពាល់ដល់​ដំ​ណាំ​ស្រូវប្រមាណជាង៦ពាន់ហិកតា និងខូចខាតចំនួនជាង​៣​ពាន់​​ហិកតា ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង