កំពង់ឆ្នាំង ៖ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅឆ្នាំនេះការដាំដុះស្រូវវស្សារបស់ប្រជាកសិករ នៅទូទាំងខេត្តសម្រេចបានជាង១៣ម៉ឺនហិកតាគឺលើសផែនការ ដែលបានគ្រោងទុក ។

លោកប្រធានមន្ទីរ បានឲ្យដឹងថា នៅដើមរដូវការដាំដុះមានសភាពយឺតជាងឆ្នាំមុន ដោយសារកត្តាទឹក៊ភ្លៀងមិនអណោយផល ប៉ុន្តែគិតមកដល់ចុងខែ
សីហា ឆ្នាំ២០២២នេះ នៅទូទាំងខេត្តកំពង់ឆ្នាំង ប្រជាកសិករសម្រេចធ្វើដាំដុះបានចំនួន ១៣៣ ៩២៧ហិកតា ស្មើនឹង១០៩,៧៤ភាគរយ លើផែនការចំនួន
១២២ ០០០ហិកតា ។ ក្នុងនោះស្រូវស្រាលធ្វើបាន២៣ ០៧០ហិកតា ស្រូវកណ្តាលធ្វើបាន ៦៥ ០៣១ហិកតា និងស្រូវធ្ងន់ធ្វើបាន ៤៥ ៨២៦ ហិកតា ។ជាមួយគ្នានេះប្រជាកសិករបានដាំដំណាំសាកវប្បកម្មនិងដំណាំឧស្សាហកម្ម បានចំនួន៦ ៧១៥ ហិកតាផងដែរ ។

លោក ងិន ហ៊ុន ប្រធានមន្ទីរ កសិកម្មរុក្ខាប្រម៉ាញ់និង នេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងទៀតថា ប្រជាកសិករជាង៩៩ភាគរយ បានផ្លាស់ប្តូរពីការធ្វើស្រូវសន្ទូង មកធ្វើស្រូវពង្រោះវិញ ។ ពីព្រោះការធ្វើស្រូវពង្រោះ លឿន ចំណាយតិច ហើយទទួលបានទិន្នផល ប្រហាក់ប្រហែល ឬ ខ្ពស់ជាងស្រូវសន្ទូង ដោយក្នុង១ហិកតាទទួលបានទិន្នផលចន្លោពី ៣ ៧០០ គីឡូក្រាម ទៅ៤ ០០០ គីឡូក្រាម ក្នុង១ហិកតា ។

លោក ងិន ហ៊ុន បានបញ្ជាក់ថា ដើម្បីសម្រេចបានតាមផែនការ របស់ក្រសួងកសិកម្មនិងរដ្ឋបាលខេត្តមន្ទីរកសិកម្មរុក្ខាប្រម៉ាញនិងនេសាទខេត្តកំពង់ឆ្នាំងបានផ្តោតការយកចិត្តទុកដាក់បញ្ចូលនូវបច្ចេកវិទ្យាក្នុងវិស័យកសិកម្ម ការបង្កើនផលិតភាព និង ពិពិធកម្ម កសិកម្ម ទាំងការដាំដុះនិងចិញ្ចឹមសត្វផងដែរ ៕











