កំពង់ឆ្នាំង ៖នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បានបើកវគ្គបណ្តុះបណ្តាលស្តីពី« វិធីសង្គ្រោះនិងការគ្រប់គ្រងរបួសជនរងគ្រោះដោយសារការផ្ទុះមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម » ជំនាន់ទី១ ដែលគាំទ្រដោយគណៈកម្មការអន្តរជាតិកាកបាទក្រហម ( ICRC ) ប្រចាំកម្ពុជា និងមានគ្រូឧទ្ទេស ចំនួន២រូបមកពីទីក្រុងហ្សឺណែវប្រទេសស្វីស ។

លោក ឧត្តមសេនីយ៍ទោ ឈិន ប៊ុនរ៉ាន នាយកវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមសរុប ចំនួន ២៨នាក់ ដែលក្នុងនោះមកពីអង្គភាពCMAC ចំនួន២០នាក់ កងយោធពលខេមរភូមិន្ទ ចំនួន៥នាក់ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ១នាក់ និងមកពីកាកបាទក្រហមកម្ពុជា ចំនួន២នាក់ ព្រមទាំងមានបុគ្គលិក លោកគ្រូ អ្នកគ្រូ មកពីវិទ្យាស្ថាន និងមណ្ឌលសុនខចូលរួម ចំនួន១៤២នាក់ ។

លោក នាយកវិទ្យាស្ថាន បញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយបញ្ចូលគ្នារវាងទ្រឹស្តី និងការអនុវត្តជាក់ស្តែងដោយផ្តោតលើការវាយតម្លៃ និងការសង្គ្រោះបន្ទាន់ចំពោះការរង របួសធ្ងន់ធ្ងរបណ្តាលមកពីការផ្ទុះ ការឆ្លើយតបវេជ្ជសាស្ត្រទាន់ពេលវេលា និងការដោះស្រាយបញ្ហាប្រឈមក្នុងបរិយាកាសប្រតិបត្តិការផ្ទាល់ដី ដើម្បីពង្រឹងទំនុកចិត្ត និងសមត្ថភាពធ្វើសេចក្តីសម្រេចចិត្តបានរហ័ស ក្នុងគោលបំណងសង្គ្រោះជីវិតមនុស្សឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ៕
អត្ថបទ ហឹង ចូច ,រូបថត សន គន្ធនិវឌ្ឍន៍


















