តារាបង្ហាញម៉ូដ ស្រីប្រុស ជាច្រើនដួង បានបង្ហាញសម្រស់ស្រស់ស្អាត ក្នុងកម្មវិធីសម្ពោធ ក្រុមហ៊ុន Cambodia International Models (CIM) នៅផ្សារទំនើប Olympia រាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ។ អ្វីដែលពិសេសនោះ បវរកញ្ញា ជាច្រើនរូប មកពីគ្រប់កម្មវិធីផ្សេងៗ នាំគ្នាដើរលើកម្រាលព្រំក្រហម ឡើងឆាក បង្អួតគ្រឿងពេជ្រ មកពីហាង CSNJ Somnang Jewelry ដែលជាហាងកំពុងល្បីឈ្មោះ។

CIM ជាក្រុមហ៊ុន មានតារាសិល្បៈគ្រប់ជំនាន់ ពិសេសគ្រប់ជំនាញ បានផ្តោតលើ ការបង្ហាញម៉ូដ ដែលមានភាពច្បាស់លាស់ និងសុទ្ឋតែជាតារាឆ្លងកាត់ការប្រកួត កម្មវិធីផ្សេងៗ ទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក។ នេះជាការសម្ពោធសាកល្បង ដោយរំលេចសុទ្ធតែ តារាបង្ហាញម៉ូដ ជាង ១០០ នាក់ រាប់ទាំងបវរកញ្ញា ចក្រវាឡ ៤ ជំនាន់ បវរកញ្ញាភេទទី៣ ដ៍ស្រស់ស្អាត និង តារាបង្ហាញម៉ូដ ផ្នែកបុរស មួយចំនួនទៀត ដែលមានរាងសង្ហាមិនធម្មតា។
លោក និមលរ័ត្ន អ្នកគ្រប់គ្រង កម្មវិធី និងជាស្ថាបនិក ក្រុមហ៊ុន CIM បានបញ្ជាក់ថា លោករំពឹងថា ការចាប់បដិសន្ធិ នៃក្រុមហ៊ុនយើង នឹងទទួលបាន ប្រជាប្រិយភាព ហើយគ្រប់ការងារ ដែលម្ចាស់កម្មវិធីចូលរួម ពិតជាទទួលបាន ភាពលេចធ្លោមិនខកបំណង។ លើសពីនេះ សង្ឃឹមថា នាំអោយកម្ពុជា រីកចម្រើនទៀត លើវិស័យដើរម៉ូដ និងការប្រឡងបវរកញ្ញា។ ការប្រកួតបវរកញ្ញា នៅកម្ពុជា ពេញនិយមណាស់ ពេលនេះ ហើយបណ្តាក្រុមហ៊ុនផ្សេងៗទៀត ក៏ពេញចិត្ត និងចូលរួមសហការ នេះជាការសប្បាយចិត្ត និងទឹកចិត្តមួយ។
បវរកញ្ញា ៤ រដូវកាល មាន រឿន ណាត សំណាង អេលីណា រ៉េត សារីតា ងិន ម៉ារ៉ាឌី ដោយសុទ្ធតែរំលេចគ្រឿងពេជ្រ ក្នុងនោះ សារីតា រំភើបជាងគេ ដោយសារមិននឹកស្មានថា បានពាក់ខ្សែ ក ពេជ្រ តម្លៃជាង ១០ ម៉ឺនដុល្លារ ជាប់កាយបែបនេះឡើយ៕













