ការបញ្ចូលសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍នៅក្នុងសហគមន៍ដែលមានសក្តានុពល ពិតជាបានផ្តល់ប្រយោជន៍ជាច្រើនដល់មូលដ្ឋាន

  • ភ្នំពេញ៖ ការបញ្ចូលសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍នៅក្នុងសហគមន៍ដែលមានសក្តានុពល បានផ្តល់ប្រយោជន៍ជា ច្រើនដល់មូលដ្ឋាន ដូចជាការបង្កើតការងារ ប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក និងការអភិវឌ្ឍដោយផ្ទាល់, នេះបើតាមការ  អះ​អាង​ របស់​គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ.)។
    ការអះអាងនេះធ្វើឡើងក្នុងកិច្ចប្រជុំលើកទី១របស់ គ.ជ.អ.អ. នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងទេសចរណ៍ និង​តាម​ប្រព័ន្ធ Zoom ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធាន គ.ជ.អ.អ. ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.អ. និងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធាន គ.ជ.អ.អ.។
    ថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិ គ.ជ.អ.អ. សុទ្ធតែបានមើលឃើញថា ការបញ្ចូលសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍​​នៅ​ក្នុងសហគមន៍ដែលមានសក្តានុពល បានផ្តល់ប្រយោជន៍ជាច្រើន ដូចជាការបង្កើតការងារ ប្រាក់ចំណូល និងការអភិវឌ្ឍ​នៅតាម​មូលដ្ឋានផ្ទាល់ មិនថាសហគមន៍នោះស្ថិតក្រោមក្រសួងណាឡើយ។
    ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍  បានលើកឡើងថា ប្រជាពលរដ្ឋ និងទេសចរបរទេសផ្ទៃក្នុងកាន់​តែច្រើន​​​បាននាំគ្​​នាដើរ​​កម្សាន្តទៅកាន់តំបន់អេកូទេស​ចរណ៍ សហគមន៍ទេសចរណ៍ និងតំបន់ទេសចរណ៍ផ្សងព្រេងនានា ដែលបានបង្កើត​ប្រាក់​​ចំណូល​​ដោយផ្ទាល់ជូន​ប្រជាសហគមន៍ និងកំពុងធ្វើឲ្យវិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍មានភាពធន់នឹងវិបត្តិ រួមចំណែកទ្រទ្រង់ដល់វិស័យទេសចរណ៍ជារួម ។
    ឯកឧត្តម ថោង ខុន បានរំលេចបន្ថែមថា តំបន់អេកូទេសចរណ៍សំខាន់ៗ ដូចជាតំបន់ខ្នងផ្សារ ភ្នំឱរ៉ាល់ គិរីរម្យ ជីផាត អារ៉ែង ពាម​ក្រសោប ស្រែអំបិល វាលធំ សំឡូត ភ្នំត្បែង សមុទ្រឈើ តំបន់រ៉ាមសារ បឹងទន្លេសាប ភ្នំគូលែន និងតំបន់អេកូទេសចរណ៍​ផ្សេង​ទៀតជាច្រើន សុទ្ធតែទទួលបានកំណើនភ្ញៀវទេសចរផ្ទៃក្នុងគួរឱ្យកត់សម្គាល់ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ កន្លងមក។
    ឯកឧត្តម បានបញ្ជាក់ទៀតថា កម្ពុជាត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិលើការងារសហគមន៍ និងអេកូទេសចរណ៍ តាម​រយៈ​ការអនុវត្តគំរូអភិវឌ្ឍសហគមន៍ទេសចរណ៍ ក្រោមទម្រង់ភាពជាដៃគូ-រដ្ឋ-ឯកជន-ប្រជាជន (4Ps) ដោយលើក​​ទឹក​​ចិត្តកា​​រ​​វិនិយោគ​​ខ្នាតតូច មធ្យម និងធំទាំងឡាយណាដែលតម្រូវឲ្យមានការចូលរួមពីប្រជាជនមូលដ្ឋាន ផ្តល់​សិទ្ធិអំណាចដល់ប្រជាពល​រដ្ឋ​សហ​​​គម​ន៍​​​​ (Local Empowerment) ផ្តល់ប្រយោជន៍អតិបរមាដល់មូលដ្ឋាន និងគោរពតាមគោលការណ៍ចីរភាព និងទទួលខុសត្រូវ ស្រប​​តាមទស្សនាទាន «ការអភិរក្សបម្រើដល់ការអភិវឌ្ឍ ការអភិវឌ្ឍបម្រើដល់ការអភិរក្ស» និងស្របតាមគោលការណ៍​​នៃការ​​បែងចែកផលប្រយោជន៍ប្រកបដោយសមធម៌ (Equitable Profit-Sharing Model)។
    ជាមួយគ្នានេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​​ក៏បានបង្ហាញនូវការរីករាយដែលសហគមន៍​​កសិកម្ម សហគមន៍ជលផល សហគមន៍នេសាទ សហគមន៍ការពារព្រៃឈើដែលស្ថិតក្រោមក្រសួងកសិកម្ម បានដាក់​បញ្ចូល​ស​កម្ម​​ភាព​​ទេសចរណ៍ និងអេកូទេសចរណ៍ ហើយក្រសួងកសិកម្មផ្ទាល់ ក៏ដូចជាអង្គភាពចំណុះក្រោមក្រសួងកសិកម្ម ក៏បាន​ចូលរួម​យ៉ាង​សកម្មក្នុងការជួយរៀបចំ គាំទ្រ និងសហការជាមួយប្រជាសហគមន៍ផងដែរ។
    ឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានលើកឡើងដែរថា ការបញ្ចូលសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍​​នៅក្នុងសហគមន៍ដែលមានសក្តានុពល មិនត្រឹមតែជួយអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋានប៉ុណ្ណោះទេ តែក៏បាន​ជួយដល់​កិច្ចការ​​អភិរក្ស​ការពារធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌រូបី និងអរូបីយផងដែរ។
    ឯកឧត្តម  រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគាំទ្រទស្សនាទាន «ទេសចរណ៍ផ្សារភ្ជាប់ជាមួយទឹកដី» ដែលឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន តែងតែបានជំរុញយ៉ាងសកម្ម ដោយរំលឹកនូវពាក្យស្លោកមួយខ្លីថា «ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី» ព្រោះនេះជាអ្វីដែល​​​យុវជន​​កម្ពុជាគ្រប់គ្នាគួរតែចូលរួមស្គាល់ទឹកដីរបស់ខ្លួនឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង