កំពង់ធំ៖ យុវជនមានតួនាទីសំខាន់ណាស់ក្នុងការជួយធ្វើឲ្យមានការផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គមលើរបបអាហាររបស់ស្រ្តីនិងកុមារនៅសហគមន៏ ដែលជាការរួមចំណែកមួយសំខាន់ក្នុងការលើកំពស់របបអាហារសុខភាពក្នុងប្រព័ន្ធស្បៀង ។ នេះជាការលើកឡើងរបស់កញ្ញា ឈុន បូរមី អ្នកសម្របសម្រួលក្រុមយុវជនជើងឯកអាហារូបត្ថម្ភ អង្គការហេទ្បែន ខេលល័រ នៅក្នុងវេទិកាស្តីពី“តួនាទីរបស់យុវជនក្នុងប្រព័ន្ធស្បៀងដើម្បីរបបអាហារសុខភាព” នៅខេត្តកំពង់ធំ កាលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ។
កញ្ញា ឈុន បូរមី បានលើកឡើងទៀតថា យុវជនពិតជាតួអង្គដ៏សំខាន់ក្នុងការជួយជំរុញការផ្លាស់ប្តូរនិងជាកម្លាំងចលករមិនអាចខ្វះបានដើម្បីធានានិងលើកម្ពស់ការយល់ដឹងនិងការអនុវត្តការងារពាក់ព័ន្ធនឹងប្រពន្ធ័ស្បៀងសម្រាប់មនុស្សទាំងអស់គ្នាដើម្បីរួមចំណែកលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា។
ដើម្បីប្រើតួនាទីរបស់់ខ្លួនឲ្យបានពេញលេញក្នុងការចូលរួមអនុវត្តន៍ផែនទីបង្ហាញផ្លូវប្រព័ន្ធស្បៀងដំបូង កញ្ញា ឈុន បូរមី ថាយុវជនត្រូវបង្កើនចំណេះដឹងលើប្រព័ន្ធស្បៀងនិងរបបអាហារសុខភាពតាមរយ:ការអាន ស្តាប់ បញ្ចេញទស្សនៈ យោបល់និងចូលរួមព្រឹត្តិការណ៍ផ្សេងៗពាក់ព័ន្ធនឹងប្រព័ន្ធស្បៀងនិងរបបអាហារសុខភាពនេះ។
ជាមួយគ្នានេះ យុវជនមានតួនាទីក្នុងការជួយលើកទឹកចិត្ដស្ត្រីឲ្យចូលរួមនិងដឹកនាំគ្រប់តំណាក់កាលនិងសកម្មភាពនៃប្រពន្ធ័ស្បៀងក្នុងបំណងលើកកម្ពស់ភាពអង់អាចនិងជំនឿចិត្តស្រ្តីក្នុងការចូលរួម ដឹកនាំនិងការធ្វើសេចក្តីសម្រេចចិត្តពាក់ព័ន្ធនឹងប្រព័ន្ធស្បៀងនិងរបបអាហារសុខភាព។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ កញ្ញា ឈុន បូរមី។
គួរបញ្ជាក់ថា វេទិកាស្តីពី“តួនាទីរបស់យុវជនក្នុងប្រព័ន្ធស្បៀងដើម្បីរបបអាហារសុខភាព” នេះបានរៀបចំដោយអង្គការ Helen Keller និងគម្រោង MUSEFO របស់ អង្គការ GIZ សហការជាមួយ CARD និងរដ្ឋបាលខេត្តកំពង់ធំ ដោយមានការចូលរួមពីតំណាងមន្ទីរដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល លោកគ្រូអ្នកគ្រូ សិស្សនិសិ្សតចំនួនជាង២០០នាក់៕











