កំពង់ឆ្នាំង ៖ លោកឧត្តមសេនីយ៍ត្រី លុយ ឌីណា ស្នងការរងទទួលបន្ទុកការងារបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមបង្ការទប់ស្កាត់កុំឲ្យ មានគ្រោះអគ្គិភ័យកើតឡើងនៅក្នុងមូលដ្ឋានរបស់ ខ្លួន ។

ការអំពាវនាវរបស់លោកស្នងការរងនគរបាល ខេត្តកំពង់ឆ្នាំង ដូចនេះធ្វើឡើង នៅក្នុងយុទ្ធនាការផ្សព្វផ្យាយ ស្តីពីវិធានការបង្ការគ្រោះអគ្គិភ័យ ដល់ប្រជាពលរដ្ឋនៅក្រុងកំពង់ឆ្នាំង នារសៀលថ្ងៃទី២២ ខែមិនា ឆ្នាំ២០២២នេះ ។

លោក លុយ ឌីណា បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យចូលរួមការពារហានិភ័យដែលបានកើតឡើងដោយអគ្គីភ័យក្នុងនោះមុនចាកចេញពីផ្ទះត្រូវពិនិត្យនិងបិទបារ៉ែត ភ្លើង ភ្លើងចង្ក្រាន ទៀន ធូប ត្រូវពន្លត់ឲ្យអស់ ។នៅតាមខ្នងផ្ទះ ត្រូវមានអាងឬពាងទឹកនិងតាមស្ថានីយ៍ប្រេងត្រូវមានបំពង់ពន្លត់អគ្គីភ័យការពារបញ្ហាគ្រោះអគ្គិភ័យដែលអាចនឹងកើតឡើងជាយថាហេតុ ។

លោកស្នងការរង បានបញ្ជាក់ទៀតថា ដោយសាររដូវនេះជារដូវក្តៅ ឪពុកម្តាយឬអាណាព្យាបាល ត្រូវណែនាំដល់កូនចៅតូចៗ កុំឲ្យលេងភ្លើង និង មិនត្រូវបោះកន្ទុយបារី និង កំណាត់អុសដែលមានភ្លើងចោលផ្តេសផ្តាស់នោះឡើយ។ ពីព្រោះកន្ទុយបារីឬកំណាត់អុសដែលមានភ្លើងទៅប៉ះនឹងស្លឹកឈើងាប់ វាអាចបង្កឲ្យឆេះព្រៃនិងអាចរាដាលទៅឆេះផ្ទះដែលនៅក្បែរនោះបានបើយើងអន្តរាគមន៍មិនបានទាន់ពេល៕











