អភិបាលរាជធានី​ភ្នំពេញ​ បង្ហាញក្តីកង្វល់​​​ចំពោះ​​បទល្មើស​គ្រឿងញៀន ទោះបី​បទ​ល្មើស​ព្រ​ហ្មទណ្ឌ​ថ​យចុះ​ជិត​៥០ភាគរយ​ក្នុង​ឆ្នាំ២០២១

  • អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានបង្ហាញក្តីកង្វល់​ចំពោះ​បទល្មើស​គ្រឿង​​ញៀន បើទោះបីបទល្មើស​ព្រហ្មទណ្ឌ​ថយចុះជិត៥០ភាគរយក្នុង​ឆ្នាំ២០២១។ ការបង្ហាញ​ក្តីកង្វល់​របស់អាជ្ញាធរ​ ចំពោះ​​បទល្មើស​គ្រឿង​​ញៀនដែលកើត​មានឡើង​នៅក្នុង​រាជធានី​ភ្នំពេញនេះ បានធ្វើឡើង​នៅ​ក្នុងពិធី “បើកសន្និបាត បូកសរុបលទ្ធផល​ការងារប្រចាំឆ្នាំ​២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ”នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។

    ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ទោះបីជានៅក្នុងឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌនៅក្នុងរាជធានីភ្នំពេញ បានកើតមានចំនួន​៣២៨លើក បានការថយចុះ ៣២៦លើក ស្មើនឹង​៤៩,​៨​ភា​គ​រ​យ ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២​០២០ក្តី ប៉ុន្តែបទ​ល្មើស​គ្រឿងញៀន ក៏នៅតែជាក្តីកង្វល់​រួមរបស់គណៈបញ្ជាការឯកភាព​រដ្ឋបាលរាជធានីភ្នំពេញ ដែលចាំបាច់ត្រូវ​តែបន្តយក​ចិត្តទុកដាក់រួមគ្នាទប់ស្កាត់​ និងដោះស្រាយបញ្ហានេះ។

    ឯកឧត្តម បានបន្ថែមថា ការបង្រ្កាបបទល្មើសព្រហ្មទណ្ឌដែលបានកើតឡើងក្នុងឆ្នាំ២០២១​ បាន៩៤,៨ភាគរយ នៃចំនូន​បទល្មើ​ស​​រួម បាន​បង្ហាញឱ្យឃើញពីសញ្ញាណ​វិជ្ជមាន នៃការ​ថយ​ចុះ​នូវចំនួនបទល្មើស​ព្រហ្មទណ្ឌ​សុខ​សុវត្ថិភាព និងកិច្ចសហប្រតិបត្តិការបង្ក្រាប​បទល្មើស​កាន់​តែមាន​ប្រសិទ្ធភាព។ ជាពិសេស​ការយកចិត្តទុកដាក់អនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ដោយរក្សា​បានសន្តិសុខ-សណ្ដា​ប់​ធ្នាប់ សាធារណៈល្អជូនប្រជាពលរដ្ឋ និង​សង្គមជា​តិ។

    គួរបញ្ជាក់ថា ក្នុងរយៈពេលពេញមួយឆ្នាំ២០២១ ពោលគឺចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចកម្ពុជាបង្ក្រាបបទល្មើសគ្រឿងញៀនបានសរុបចំនួន៦៣០៨ករណី  ។ ក្នុងចំណោមករណីបង្ក្រាប​បាន គឺឃាត់ខ្លួនជនសង្ស័យសរុប១៣៩៧៩នាក់ មានជនបរទេស​ចំនួន៣៦៥នាក់ ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង