មហាជនទូទាំងប្រទេស ម្នាក់ៗបានដឹងរួចទៅហើយថា អ្នកជំនួញអចលនទ្រព្យកំពុងជោគជ័យ ឡេង ណាវ៉ាត្រា មានជីវប្រវត្តិធ្វើជាពលករនៅប្រទេសកូរ៉េ។ ព្រោះតែភាពតស៊ូដុះដាល គំនិតអភិវឌ្ឍន៏ លោកក៏ឆ្លៀតសេសសល់ លុយទិញដីធ្លីនៅស្រុកខ្មែរ រហូតចំនេញទ្រព្យបង្កើតទ្រព្យ។ ម្ល៉ោះហើយលោក នៅតែទទួលការចាប់អារម្មណ៏សូម្បីតែថ្នាក់ដឹកនាំក៏ លើកសរសើរពីភាពតស៊ូ របស់លោកមិនតិចទេ។

ថ្លែងពីទីក្រុងសេអ៊ូល កាលពីរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះនៅក្នុងឱកាសនៃការអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២០ នៅសាធារណរដ្ឋកូរ៉េ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខ សំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋនិងសិស្ស និស្សិត ខ្មែរដែលកំពុង រស់នៅនិងបន្តការសិក្សានៅប្រទេសកូរ៉េ ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពជា បានថ្លែងកោតសរសើរឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានប្រែខ្លួនពីពលករនៅកូរ៉េខាងត្បូង ក្លាយជាអ្នករកស៊ីលើវិស័យអចលនទ្រព្យដ៏ល្បីនៅកម្ពុជា។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងកោតសសើរយ៉ាងដូច្នេះថា៖ «មិនមែនគ្រាន់តែមកយកប្រាក់ខែទេ ក៏ប៉ុន្តែនៅពេលដែលក្មួយៗ ធ្វើការនៅទៅនេះ ក្មួយៗនឹងមានជំនាញ ហើយជំនាញនោះ ហើយដែលផ្តល់ឱ្យក្មួយៗ អាចនឹងទៅរកការងារធ្វើ បើក្រុមហ៊ុនកូរ៉េទៅ ក្មួយៗអាចមានការងារធ្វើជាមួយក្រុមហ៊ុនកូរ៉េ នៅស្រុកខ្មែរទៀត ឬក៏អាចបង្កើតការងារដែលមានមួយចំនួន បានទទួលជោគជ័យបន្ទាប់ ពីបញ្ចប់ការងារ ជាពលករនៅឯកូរ៉េនេះ ដើម្បីបង្កើតមុខរបរនៅក្នុងប្រទេស […] ឡេង ណាវ៉ាត្រា អីឡូវក្លាយជាម្ចាស់អចលនទ្រព្យយ៉ាងធំ ដែលសន្សំលុយតិចតួចដែលបានពីកូរ៉េ ទៅទិញដីធ្លី អាឡូវដីធ្លីនោះវាកាក់កប់ អញ្ចឹងវាទៅជាអ្នកជំនួញអចលនទ្រព្យមួយដ៏ធំនៅទីនោះទៅ»។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ក្មួយៗដែលជាកម្មករ កម្មការិនី ដែលបានមកបម្រើការងារនៅក្នុងប្រទេសកូរ៉េ មកពីកត្តាដែលប្រទេសកូរ៉េ ខ្វះកម្លាំងពលកម្មពិប្រាកដ ដែលតម្រូវឱ្យនាំពលករពីបណ្តាប្រទេសនានា មកបំពេញការងារ ដូច្នេះ ហើយវាជាភ័ព្វសំណាងពេល ដែលកម្មករ-កម្មការិនី របស់កម្ពុជា បានមកធ្វើការនៅទីនេះដោយស្របច្បាប់ ជាពិសេសកម្មករ-កម្មការិនីខ្មែរ បានគោរពច្បាប់ និងមានសីលធម៌ល្អ ដែលត្រូវបានទទួលការកោតសសើរ ពីសំណាក់ថ្នាក់ដឹកនាំ និងថៅកែជាច្រើនជាដើម។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា ត្រូវមើលឱ្យឃើញពីទំនាក់ទំនងល្អរវាងកម្ពុជា និងកូរ៉េខាងត្បូង អរគុណណាស់ ដល់ថៅកែកូរ៉េ ដែលបានវាយតម្លៃខ្ពស់ ចំពោះពលកម្មពលករខ្មែរ បន្ថែមពីនេះសម្តេចក៏បានស្នើសុំថៅកែកូរ៉េខាងត្បូង ជួយមើលថែទាំ ចំពោះពលករខ្មែរមិនតែប៉ុណ្ណោះក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចមិនមែនឱ្យពលករទៅធ្វើការនៅក្រៅប្រទេស ហើយឱ្យធ្វើបាបសង្កត់សង្កិននោះទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍បន្ថែមទៀតថា បានជារាជរដ្ឋាភិបាលកម្ពុជា ស្នើសុំឱ្យបង្កើនចំនួនពលកររបស់កម្ពុជា ឱ្យទៅធ្វើការងារ នៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ថែមទៀត គឺដើម្បីម្ខាងដោះស្រាយការងារធ្វើ ហើយម្ខាងទៀតទទួលយកបច្ចេកវិទ្យាថ្មី សម្រាប់នាំយកទៅបង្កើតការងារថ្មីជូនដល់ប្រជាជនកម្ពុជាផងដែរ។
