រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីណែនាំដោយ ក្រើនរំលឹកជាថ្មីលើការអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង។ ការក្រើនរំលឹកជាថ្មីនេះ ដោយសារប្រជាពលរដ្ឋមួយចំនួន មានការធ្វេសប្រហែសដោយមិនបានអនុវត្តវិធានការសុខាភិបាលពេញលេញ ដែលធ្វើអោយស្ថានភាពឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍ មានចំនួនកើនឡើងគួរអោយព្រួយបារម្ភយ៉ាងខ្លាំង។
នៅក្នុងសេចក្តីក្រើនរំលឹកជាថ្មីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាព ដោយចុះណែនាំទីតាំងដែលមានការជួបជុំជាលក្ខណៈទ្រង់ទ្រាយធំ ដូចជានៅតាមទីផ្សារនានា ដោយក្រើនរំលឹកប្រធានផ្សារ គណៈកម្មការផ្សារ ឱ្យធ្វើការផ្សព្វផ្សាយតាមមេក្រូ ដើម្បីដាស់តឿនអាជីវករ អតិថិជន ចេញ-ចូលផ្សារ ឱ្យពាក់ម៉ាស បាញ់ អាកុលឬដែលលាងដៃ វាស់កម្ដៅ រក្សាគម្លាតសុវត្ថិភាព ពិនិត្យប័ណ្ណចាក់វាំក់សាំង ជាពិសេសត្រូវ រំលឹកពីវិធានការ “ពាការពារ ៣កុំ” របស់សម្ដេចតេជោនាយករដ្ឋមន្តី្រ ។
ចំពោះទីតាំងដែលប្រមូលផ្តុំមនុស្សច្រើនដូចជា កន្លែងរៀបចំពិធីមង្គលការ ភោជនីយដ្ឋាន ពិធី បុណ្យទាន កន្លែងកម្សាន្ត និងការជួបជុំប្រមូលផ្តុំផ្សេងៗដែលមានមនុស្សច្រើន រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឱ្យ រៀបចំកៅអីអង្គុយមានគម្លាតសុវត្ថិភាពដោយមិនឱ្យលើសពី០៧នាក់ក្នុងមួយតុ និងត្រូវប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ។ ទន្ទឹមនេះ ត្រូវពិនិត្យប័ណ្ណចាក់វ៉ាក់សាំង បើបុគ្គលណាមួយមិនបានចាក់វ៉ាក់សាំង ឬហួសរយៈពេល៤ខែហើយ មិនបានទៅចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញដោយគ្មានមូលហេតុត្រឹមត្រូវ បុគ្គលនោះមិនត្រូវអនុញ្ញាតឱ្យចូលទីតាំង ឬកន្លែងប្រារព្ធពិធីឡើយ។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ក្រើនរំលឹកដល់មន្ត្រីបុគ្គលិក សិស្ស និស្សិត និងកៀរគរប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសទី៣ ឬដូសជំរុញ ឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនភាពរឹងមាំក្នុងសហគមន៍ និងចៀសវាងនូវមហន្តរាយសុខភាពសាធារណៈ ដែលធ្វើឱ្យប៉ះពាល់ ដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គម ។
ក្រៅពីការណែនាំលើវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ រដ្ឋបាលរាជធានីភ្នំពេញ ក៏ព្រមានពិន័យជាប្រាក់ និងទោសដាក់ពន្ធនាគារស្របច្បាប់ដោយគ្មានការលើកលែងឡើយ ក្នុងករណីរកឃើញបុគ្គលណាមួយ មិនអនុវត្តតាមសេចក្ដីណែនាំនេះ ហើយប្រព្រឹត្តល្មើសនឹងវិធានការសុខាភិបាល ៕










