កំពង់ឆ្នាំង ៖ កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិ នាថ សីហនុ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបន្តប្រគល់ជែលលាងដៃចំនួន ៧៣០កេស (ស្មើនឹង ១១,៦៨០ដប) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំងនិងអនុសាខាក្រុង ស្រុកទាំង៨ ការិយាល័យស្រុកប្រតិបត្តិ, មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង, មណ្ឌលសុខភាពនិងអង្គភាពតំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំង សម្រាប់ប្រើប្រាស់ប្រយុទ្ធ នឹង ជំងឺកូវីដ-១៩ ។
ពិធីប្រគល់ ទទួល ជែលលាងដៃនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម វេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និង លោកជំទាវ ប៊ន សុភី អនុប្រធាន អចិន្ត្រៃយ៍ គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅស្នាក់ការ សាខាកាកបាទក្រហម កម្ពុជា ខេត្តកំពង់ឆ្នាំង ។
ក្នុងឱកាសនោះ ឯកឧត្ដមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ ប្រតិបត្តិករ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង គ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរដែនដី ជាពិសេសក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលបានលះបង់យ៉ាងធំធេង ក្នុងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ។

ជាមួយគ្នានេះ ឯកឧត្ដមវេជ្ជបណ្ឌិត បានលើកឡើងថា « ជែលលាងដៃទាំងអស់នេះ ជាអំណោយរបស់ ក្រុមហ៊ុនហ័ន យ៉ា ហ៊ឺចុង (ខេមបូឌា) ត្រេឌីង ឯ.ក ដែលបានប្រគល់ជូន កាកបាទក្រហមកម្ពុជា ជំហានទី១ ចំនួន ១៦.២០០កេស (ស្មើនឹង ២៥៩.២០០ដប) កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ហើយដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ចែងឱ្យមន្ត្រីទីស្នាក់ការកណ្តាលចុះប្រគល់ជែលទាំងអស់ជូនដល់ សាខាកាកបាទក្រហមកម្ពុជា និងមន្ទីរពេទ្យបង្អែក នៅទូទាំង២៥ រាជធានី-ខេត្ត ដែលជាប្រតិបត្តិករជួរមុខប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាពិសេស ដើម្បីលើកកម្ពស់ការអនុវត្តយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដោយផ្តោតលើការពង្រឹងសមត្ថភាពរបស់បុគ្គលិកសុខាភិបាលនៅតាមមន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក នៅទូទាំងប្រទេស ក្នុងការព្យាបាលជំងឺជូនប្រជាពលដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួន»។ ទន្ទឹមនឹងនេះ ឯកឧត្ដម សង្ឃឹមជឿជាក់ថាខ្លឹមសារនៃ យុទ្ធសាស្ត្រស្តីពី «ការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ » នឹងជ្រួតជ្រាបកាន់តែច្បាស់ដល់បងប្អូនប្រជាពលរដ្ឋយើង ដើម្បីធានាបាននូវស្ថិរភាពនៃការបើកដំណើរការប្រទេសឡើងវិញ និងស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ»។
ក្នុងឱកាសនោះដែរ លោកជំទាវ ប៊ន សុភី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខភាព និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការផ្តល់ជែលលាងដៃនាពេលនេះពិតជាមានសារៈសំខាន់សម្រាប់មន្ត្រីតាមគោលដៅ ក្នុងការរួមចំណែកទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩នៅតាមមូលដ្ឋាននានាឱ្យមានប្រសិទ្ធភាព៕











