កំពង់ឆ្នាំង៖ មិនទុកឲ្យនណាម្នាក់អត់ស្បៀង ផលិតកម្មកើនឡើង អាហាររូបត្ថម្ភល្អ បរិស្ថានល្អនាំឱ្យជីវិតកាន់តែប្រសើរឡើង ជាប្រធានបទនៃទិវាស្បៀងអាហារពិភពលោកឆ្នាំនេះ ដែលបានប្រារព្វធ្វើនៅឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ។

លោកស្រី អានណែឡូឌូវ៉ល( Annelaure Duval ) នាយិការរង នៃកម្មវិធីស្បៀងអាហារពិភពលោក ប្រចាំនៅកម្ពុជា បានថ្លែងថា ទិវាស្បៀងអាហារពិភពលោក គឺជាព្រឹត្តិការណ៍សាកលរបស់អង្គការសហប្រជាជាតិ ដែលពិភពលោកបានប្រារព្ធឡើង ក្នុងន័យបំផុសស្មារតីឲ្យយល់ដឹង និងទទួលស្គាល់អំពីតួនាទីសំខាន់ នៃវិស័យកសិកម្ម ក្នុងការដោះស្រាយបញ្ហាសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ ដែលគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ត្រូវមានឆន្ទៈចូលរួមឲ្យបានសកម្ម សំដៅឈានទៅបញ្ចប់ភាពអត់ឃ្លាន នៅទូទាំងសាកលលោក ។ ហើយទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២២នេះ គឺជាឱកាសដែលយើងអាចពិនិត្យមើល និង កំណត់ឡើងវិញ សម្រាប់អនាគតរបស់យើង ។
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្តល់អាទិភាពចម្បង ទៅលើវិស័យសន្តិសុខស្បៀង និង អាហារូបត្ថម្ភនិងចាត់ទុកការវិនិយោគលើវិស័យនេះគឺជា« កម្លាំងពន្លឿន» ក្នុងការជួយបង្កើនល្បឿន ដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដោយចីរភាពនិងសុខុមាលភាពរបស់ប្រជាជន ជួយអភិវឌ្ឍន៍មូលធនមនុស្សនិងសេដ្ឋកិច្ចជាតិ ។

ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់ទៀតថា ចក្ខុវិស័យសម្រាប់ ប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០ គឺពលរដ្ឋកម្ពុជានឹងទទួលបានរបបអាហារប្រកបដោយសុខុមាលភាពនិងសុវត្ថិភាព ដោយមានការយកចិត្តទុកដាក់ជាចម្បងលើស្ត្រី និង កុមារ ព្រមទាំងការផ្លាស់ប្ដូរស្ថានភាពន អាហារូបត្ថម្ភ ។ ជាមួយនេះ ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មស្បៀងប្រាកដជានឹងត្រូវផ្លាស់ប្តូរប្រព័ន្ធឆ្ពោះទៅរក ការអភិវឌ្ឍបៃតង ដែលយើងទាំងអស់គ្នាត្រូវបន្តអនុវត្តដោយត្រូវធ្វើឱ្យប្រព័ន្ធស្បៀងនេះផ្ដល់នូវសារធាតុចិញ្ចឹមដល់ ពលរដ្ឋកម្ពុជា និង ការចែកចាយស្បៀងក្នុងស្រុកដែលធន់នឹងភាពងាយរងគ្រោះពីវិបត្តិផ្សេងៗ ។

ឯកឧត្តម ឳម គឹមស៊ា បានបញ្ជាក់បន្ថែមទៀតថាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ តែងតែសហការជាមួយកម្មវិធី ស្បៀងអាហារពិភពលោក ( WFP ) អង្គការស្បៀង និង កសិកម្មនៃសហប្រជាជាតិ (FAO) ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំទិវាស្បៀងអាហារពិភពលោក ជារៀងរាល់ឆ្នាំពុំដែលខានឡើយក្នុងទស្សនទានថ្មីៗ និង ចក្ខុវិស័យប្រាកដប្រជា ក្នុងន័យធានា ការមានស្បៀងលទ្ធភាពទទួលស្បៀង ការប្រើប្រាស់ស្បៀង និងស្ថេរភាពស្បៀង ៕











