កំពង់ឆ្នាំង ៖ អាវរងារជាង៤០០០អាវជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ត្រូវបានឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នាំយកទៅចែកជូនដល់លោកតា លោកយាយ មកពីឃុំទាំង១៣ ក្នុងស្រុករលាប្អៀរ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ។

អញ្ជើញចូលរួមក្នុងពិធិចែកអាវរងារនាពេលនោះផងដែរ មានឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង, ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តនិង លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេច តែងតែយកចិត្ត ទុកដាក់ គិតគូអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ។

ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុនបានមានប្រសាសន៍បន្តថា នៅក្នុងរដូវរងារ ដែលអាកាសធាតុចុះត្រជាក់សម្តេច បានណែនាំដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ឲ្យចុះជួបសួរសុខទុក្ខនិងនាំយកអាវរងារចែកជូនប្រជាពលរដ្ឋផងដែរ ។ ជាពិសេស គឺលោកយាយ លោកតា ដែលកំពុងត្រូវការអាវរងារសម្រាប់ពាក់ក្នុងពេលអាកាសធាតុចុះត្រជាក់នេះ ។

ឯកឧត្តម បណ្ឌិតសភាចារ្យ បានមានប្រសាសន៍បញ្ជាក់ទៀតថា នាពេលនេះអាកាសធាតុចាប់ផ្តើមចុះត្រជាក់ ជាក្តីបារម្ភរបស់ប្រមុខរាជរដ្ឋាភិបាល ដូចនេះបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ ថែរក្សាសុខភាពរបស់ខ្លួនឲ្យបានល្អ ត្រូវរស់នៅស្អាត និង អនុវត្តជាប្រចាំ នូវវិធានការសុខាភិបាល ៣កុំ ៣ការពារ ដើម្បីចៀសផុតពីជំងឺកូវីដ១៩ ៕











