កំពង់ឆ្នាំង ៖ កំណាត់លេខ៥០C ចំណុចផ្លូវកែង ក្នុងភូមិកង្កែបឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង រហូតដល់ចំណុចព្រំប្រទល់ខេត្តកំពង់ធំ ត្រូវបានផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះយានយន្តគ្រប់ប្រភេទ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់អ្នកនាំពាក្យរដ្ឋបាលស្រុកកំពង់លែង ។
អ្នកនាំពាក្យរដ្ឋបាលស្រុកកំពង់លែង បានឲ្យដឹងថាការផ្អាកធ្វើចរាចរណ៍បណ្តោះអាសន្ននេះ ដោយសង្កេតឃើញថា កម្ពស់ទឹកទន្លេឆ្នាំ២០២១នេះ បាននឹងកំពុងតែឡើងជាបន្តបន្ទាប់ ពីមួយថ្ងៃទៅមួយថ្ងៃបានធ្វើឲ្យកំណាត់ផ្លូវលេខ៥០C ចាប់ផ្តើមលិច និងហូរកាត់លើផ្លូវដោយកន្លែង ដែលអាចបង្ករឲ្យមានការខូចខាតក្នុងពេលដែលមានយានយន្តគ្រប់ប្រភេទនៅ តែបន្តធ្វើចរាចរណ៍ឆ្លងកាត់ ។

អ្នកនាំពាក្យរដ្ឋបាលស្រុកកំពង់លែង បានឲ្យដឹងទៀតថា ដើម្បីថែរក្សាផ្លូវឲ្យមានភាពល្អប្រសើរសម្រាប់ការប្រើប្រាស់បន្តនិងបង្ការលើករណីគ្រោះថ្នាក់ដោយប្រការណាមួុយ សម្រាប់អ្នកដំណើរឆ្លងកាត់ រដ្ឋបាលស្រុកកំពង់លែង បានសហការជាមួយការិយាល័យជំនាញ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ សម្រេចផ្អាកធ្វើចរាចរណ៍ឆ្លងកាត់ជាបណ្តោញអាសន្ន ។

គួរបញ្ជាក់ថា ការផ្អាកធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់ផ្លូវលេខ៥០Cនេះ ធ្វើឡើងចាប់ពីចំណុចផ្លូវកែងក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង រហូតដល់ចំណុចព្រំប្រទល់ខេត្តកំពង់ធំ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់រដូវសម្រក និង មានការជូនដំណឹងជាថ្មី ទើបបើកឲ្យដំណើរការឡើងវិញ ៕