កំពង់ឆ្នាំង ៖ អត្រាឆ្លងកូវិដ១៩ នៅខេត្តកំពង់ឆ្នាំង នៅមិនទាន់ធូរស្រាលនៅឡើយទេ ថ្ងៃនេះមានអ្នកជំងឺកូវិដ១៩ចំនួន១នាក់បានស្លាប់ និង មនុស្សចំនួន១៧នាក់ទៀត ត្រូវបានរកឃើញឆ្លងថ្មី តាមរយះការធ្វើតេស្តរហ័ស ( Rapid Test ) ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី៦ខែកញ្ញា ឆ្នាំ២០២១នេះ ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អ្នកវិជ្ជមានកូវិដ១៩ ដែលទើបនឹងរកឃើញថ្មីទាំង១៧នាក់នេះ ជាកម្មករ អាជីវករ និង សិស្ស ។
ដោយឡែកអ្នកជំងឺ១នាក់ ដែលបានមរណ:ភាពដោយសារជំងឺកូវិដ១៩ ឈ្មោះដាំសុខុម ភេទស្រី អាយុ៦៥ឆ្នាំ ជនជាតិខ្មែររស់នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
រដ្ឋបាលខេត្តខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ឬប្រយោល ជាមួយអ្នកវិជ្ជមានកូវិដ១៩ ខាងលើក្នុងរយះពេល១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់ នៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តកំពង់ឆ្នាំង រកឃើញអ្នកឆ្លងកូវិដ១៩ សរុបចំនួន២ ៨៧៥នាក់ អ្នកជំងឺជាសះស្បើយសរុបចំនួន២ ៤៩៥នាក់ ស្លាប់ចំនួន៨៨នាក់ និង កំពុងសម្រាកព្យាបាលចំនួន២៩២នាក់ ៕

