ស្ពាន​បេតុង​ឆ្លង​ប្រឡាយ​ទួល​ពង្រ​ទី១​ ចំនួន​៧កន្លែង ​ក្នុង​ខណ្ឌពោធិ៍​សែន​ជ័យ​ គ្រោង​បញ្ចប់ការសាងសង់​នៅដំណាច់ខែ​សីហាខា​ងមុខ

  • ស្ពានបេតុង​ឆ្លង​ប្រឡាយទួលពង្រ១ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ចំនួន ៧កន្លែង គ្រោងបញ្ចប់​ការសាងសង់​ដំណាច់ខែសីហាខាងមុខ។ នេះបើតាមរបស់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារ​ណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែសីហានេះ។

    បើតាមលោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានដាក់គ្រឿងចក្រកាយស្តារប្រឡាយទួលពង្រទី១ ក្នុងសង្កាត់ចោមចៅទី១ មាន​ទទឹង​ទំហំ ៨ម៉ែត្រនិងជម្រៅ២ម៉ែត្រ ធ្វើស្ពានចំនួន៧កន្លែង និងបុកស៊ីផាយតាមមាត់ប្រឡាយមេការពារដីបាក់ចូលប្រឡាយ ។លោកប្រធានមន្ទីរ បានបន្តថា ប្រឡាយទួលពង្រទី១នេះមានតួនាទីយ៉ាងសំខាន់ ក្នុងការបង្ហូររំដោះទឹកដែលជន់ពីផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ទៅកាន់បឹងជើងឯក និងបន្តហូរទៅកាន់ស្ទឹងជ្រៅ ។ នៅពេលគម្រោងស្តារប្រឡាយនេះបញ្ចប់ នឹង​អាចជួយកាត់បន្ថយទឹកជំនន់ទឹកភ្លៀង បានមួយកម្រិតធំ។

    គួរបញ្ជាក់ថា  ប្រឡាយទួលពង្រ១ មានទទឹង៨ម៉ែត្រ បណ្ដោយជា៤គីឡូម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូង ដល់បុរីជីបម៉ុង ។ ក្រៅ​ពីស្ពាន​ឆ្លងកាត់ប្រឡាយ គម្រោងស្តារប្រឡាយនេះ ក៏មាន ការដាក់លូប្រអប់ទំហំ ២,៦៥ម៉ែត្រគុណនឹង២,៦៥ម៉ែត្រ មានចំនួន៣ជួរ ប្រវែង​៤៤៥ម៉ែត្រ ដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ ទំហំ៦ម៉ែត្រគុណនឹង២ ម៉ែត្រប្រវែងជាង១ពាន់ម៉ែត្រ និងដាក់លូជ្រុង​ចំណុច​ផ្លូវ ឆ្លងកាត់មានចំនួន៧កន្លែងផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង