កំពង់ឆ្នាំង ៖ អាជ្ញាធរស្រុកបរិបូរណ៍បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះថា កម្លាំងចម្រុះរបស់រដ្ឋបាលស្រុកបរិបូរណ៍នឹងបន្តចុះអនុវត្តការរុះរើបែចិញ្ចឹមត្រី និង ផ្ទះបណ្តែតទឹក មួយចំនួនដែលលួចធ្វើដំបូល និង ជញ្ជាំងឲ្យអស់នៅចុងខែមិថុនា នេះ ។

មន្ត្រីអាជ្ញាធរ ស្រុកបរិបូរណ៍និង បានប្រាប់ឱ្យដឹងថា ដើម្បីឆ្លើយតបផែនការ៥ឆ្នាំនៃការអនុវត្តកែលម្អសោភ័ណ្ឌភាពនិងបរិស្ថានតាមដងទន្លេ នៃបឹងទន្លេសាប ឱ្យមានភាពប្រសើរឡើងនោះ អាជ្ញាធរស្រុកបានបន្តពង្រឹងក្នុងការអនុវត្តឲ្យបានម៉ឺងម៉ាត់ ដោយមិនអនុញ្ញាត្តឲ្យម្ចាស់ផ្ទះបណ្តែតទឹក និង បែត្រី បន្តរស់នៅលើផ្ទៃទឹកទៀតនោះឡើយ។ ហើយកន្លងមកប្រជាពលរដ្ឋខ្លះក៏បានអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ដោយឡែក ប្រជាពលរដ្ឋមួយចំនួនទៀតនៅមិនទាន់អនុវត្តតាមនោះឡើយ គឺបន្តរស់នៅ ចិញ្ចឹមត្រី និងធ្វើអាជីវកម្មលក់ដូរលើផ្ទៃទឹកដដែល និង ម្ចាស់បែត្រីនិងផ្ទះបណ្តែតទឹកខ្លះ បានលបលួចធ្វើតម្លើងសារជាថ្មីថែមទៀត ។

ប៉ុន្តែរហូតមកដល់និងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ កម្លាំងចម្រុះបានចុះរើជញ្ជាំងដំបូលបែបានប្រមាណជិត៨០ភាគរយហើយ ។

លោកសាំង គឹមស៊ន មេឃុំឆ្នុកទ្រូ បានឲ្យដឹងថា ឃុំឆ្នុកទ្រូមាន៣ភូមិ មានផ្ទះប្រជាពលរដ្ឋសរុបចំនួន១១៥២ខ្នងផ្ទះ ដែលភាគច្រើនជាផ្ទះបណ្ដែតលើទឹក ។ ការចិញ្ចឹមត្រីក្នុងបែរ មានប្រមាណជាង១០០បែរ ។ ក្នុងនោះបែរចិញ្ចឹមត្រីនៅក្នុងភូមិឆ្នុកទ្រូ សរុបមានចំនួន៥៩បែរនិងមាននៅភូមិដ៏ទៃទៀត ដែលភាគច្រើនជារបស់ជនជាតិវៀតណាម ៕











