ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ទោ មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី

  • នៅទីបញ្ជាការ​កងទ័ពជើងគោក នៃកងយោធ​ពលខេម​រភូមិន្ទ នារសៀល​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នេះ ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត អគ្គ មេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បា​នទ​ទួលជួប​ពិភាក្សា​ការងារ​ជាមួយ ឧត្តមសេនីយ៍ទោ GOH SI HOU ​មេបញ្ជាការ កងទ័ពជើង​គោកសិង្ហបុរី ដែល​កំពុង​ដឹកនាំគ​ណៈប្រតិភូ​បំពេញ​ទស្សនកិច្ច​ផ្លូវការ ​រយៈ ​០៤ ​ថ្ងៃ ​នៅព្រះរា​ជា​ណាច​ក្រ​កម្ពុជា​។

     

    ក្នុងជំនួប​នេះ ក្នុងនាមកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ចផ្លូវ​ការ​លើកទី១ របស់មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី មកកាន់ព្រះរាជាណាចក្រកម្ពុជានេះ ដែលអាចចាត់ទុកថា ជានិមិត្ត​រូប​នៃ​ការ​បន្ត​ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏​បាន​ឆ្លៀតយកឱកាសនេះ ថែ្លងអំណរគុណចំពោះកងទ័ពសិង្ហបុរី ដែលកន្លងមកតែងបានជួយបណ្តុះបណ្តាលនាយទាហានវ័យក្មេងកម្ពុជានិង​​ បានសំណូមពរឱ្យសិង្ហបុរីបន្តផ្តល់ការគាំទ្របន្ថែមទៀតលើវិស័យហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស ក្នុងជួរកងយោធពលខេមរភូមិន្ទ។

    ឧត្តមសេនីយ៍ទោ GOH SI HOU បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចស្វាគមន៍ដ៏កក់ក្តៅ និងបានបង្ហាញភាព​រីករាយចំពោះ​ការបាន​ទៅ​ទស្សនា​ប្រាង្គប្រាសាទនានានៅក្នុងខេត្តសៀមរាប ព្រមទាំងបានកត់សម្គាល់អំពីការរីកចម្រើនដ៏ឆាប់រហ័សនៃរាជធានីភ្នំពេញក្នុងបរិយាស​កាស​​ប្រកបដោយសុខសន្តិភាព។ ឧត្តមសេនីយ៍ទោ GOH SI HOU ក៏បានបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចផ្លូវលើកទី១ របស់មេបញ្ជាការ​កងទ័ព​ជើង​គោក​កម្ពុជាកាលពីពេលកន្លងទៅថ្មីៗនេះ និងដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់លោកនាពេលនេះគឺជាសញ្ញាវិជ្ជមានមួយដ៏ល្អ សម្រាប់​​ពង្រឹងកិច្ចសហប្រតិបត្តិការ នៃកងទ័ពរបស់ប្រទេសទាំងពីរ ដោយនឹងបន្តជំរុញអនុវត្តការងារដែលបានពិភាក្សា និងឯក​ភាព​ព្រមព្រៀង​គ្នា​កន្លង​មកឱ្យទទួលបានលទ្ធផលល្អប្រសើរ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង