កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំ អភិបាលរងខេត្តនិង អាជ្ញាធរក្រុងកំពង់ឆ្នាំង ចុះមកដល់ទីតាំងផ្សារឆ្នាំង ដើម្បីពិនិត្យមើលដំណើរការយកសំណាកដោយផ្ទាល់ ដែលក្រុមគ្រូពេទ្យកំពុងតែញាប់ដៃញាប់ជើង ពិនិត្យមើលយកសំណាកដល់អាជីវកផ្សារឆ្នាំង ដែលបានពាក់ព័ន្ធនិងអ្នកវិជ្ជមានកូវីដ១៩ ។
មានប្រសាសន៍នាពេលនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា កាលដែលដាក់ក្រុមគ្រូពេទ្យ មកយកសំណាកនៅផ្សារឆ្នាំងនេះ គឺបន្ទាប់ពីក្រុមគ្រូពេទ្យបានរកឃើញមានអ្នកវិជ្ជមានកូវីដ១៩ ជាអាជីវកនៅផ្សារឆ្នាំងនេះ ។ ហើយដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះឱ្យបានទាន់ពេលវេលា អាជ្ញាធរខេត្តកំពង់ឆ្នាំង បានចេញវិធានការបន្ទាន់ ក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩នេះ ដោយធ្វើតេស្តរហ័សដល់អ្នកពាក់ព័ន្ធផ្ទាល់និងប្រយោល ដើម្បីបានដឹងហើយរួមគ្នាទប់ស្កាត់កុំឱ្យមានការចម្លងជាទ្រង់ទ្រាយធំបន្តទៀត ។

ក្រោយពីអាជ្ញាធរខេត្តបានចុះទៅពិនិត្យផ្ទាល់នៅទីតាំងយកសំណាកនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានចេញសេក្តីប្រកាសបិទផ្សារឆ្នាំងជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៨ ខែកក្កដា នេះតទៅ ៕
