ផ្នែក​ខ្លះ​ក្នុង​ភូមិ​ផ្សារ​តូច​ និង​ភូមិ​ព្រៃ​ទា​១​ នៅ​រាជ​ធា​នី​ភ្នំ​ពេញ​ ត្រូវ​បន្ត​រ​ក្សា​ជា​តំ​បន់​លឿង​ទុំ​

  • ភ្នំពេញ៖ ផ្នែកខ្លះក្នុងភូមិចំនួន២ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តកំណត់ជាតំបន់មានហានិភ័យ ខ្ពស់ចំពោះការឆ្លង​រាលដាលជំងឺកូវីដ-១៩ ដែលតម្រូវឲ្យមានការពង្រឹងការងារអោយបានម៉ត់ចត់លើការងារទប់ស្កាត់យ៉ាងម៉ឹងម៉ាត់ ដើម្បីកាត់ផ្តាច់មិនឲ្យឆ្លងទៅតំបន់ផ្សេងទៀត។

    ផ្នែកខ្លះក្នុងភូមិទាំង២ដែលរដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តកំណត់ជាតំបន់មានហានិភ័យខ្ពស់ចំពោះការឆ្លងរាលដាលជំងឺ​កូវីដ-១៩ រួមមាន សហគមន៍AB ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ និងផ្នែកខ្លះក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

    ក្នុងកិច្ចប្រជុំកាលពីរសៀលថ្ងៃទី២ មិថុនា តាមរយៈការបញ្ជូនរូបភាព និងសម្លេង ជាមួយអភិបាលខណ្ឌទាំង១៤ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្រេចបន្តបិទខ្ទប់ផ្នែកខ្លះនៃភូមិទាំង២នេះ រយៈពេលមួយសប្តាហ៍ទៀត ចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី០៩ មិថុនា ដោយសារមានអត្រាឆ្លងកើនឡើងថ្មី ដែលត្រូវរក្សាជាតំបន់លឿងទុំដដែល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវី-១៩ ពីតំបន់មួយទៅតំបន់មួយទៀត។

     

    ជាមួយគ្នានោះ អភិបាលរាជធានីភ្នំពេញ ក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងការងារបង្ការនិងទប់ស្កាត់ការឆ្លងរីករាល​ដាលជំងឺកូវី-១៩ ក្នុងភូមិសាស្រ្តខ្លួនគ្រប់គ្រងអោយបានម៉ត់ចត់ ។ រីឯតំបន់លឿងទុំ ចំនួន២ភូមិនោះ ក៏ត្រូវតែអនុវត្តន៍វិធានការដែលបានដាក់ចេញឲ្យម៉ឹងម៉ាត់ផងដែរ ដើម្បីកាត់ផ្តាច់មិនឲ្យឆ្លងទៅតំបន់ផ្សេងទៀត។

    គួរបញ្ជាក់ថា រាជធានីភ្នំពេញក្នុងរយៈពេលចុងក្រោយនេះ ស្ថានភាពជំងឺកូវីដ១៩ហាក់បីមានភាពធូរស្បើយបន្តិច អាជ្ញាធរក៏ប្រកាសគ្មានតំបន់ក្រហម គឺមានតែតំបន់លឿងទុំ និងតំបន់លឿង។ ប៉ុន្តែស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងសហគមន៍រាជធានីភ្នំពេញ នៅតែគំរាមកំហែងនៅឡើយ គ្រូពេទ្យនៅតែបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ ស្របក្រសួងសុខាភិបាលក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ បន្តចូលរួមការពារទប់ស្កាត់ជំងឺកូវីដ-១៩នេះឱ្យបានមុតមាំបំផុតផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង