កំពង់ឆ្នាំង៖មន្ទីរកសិកម្មខេត្ដកំពង់ឆ្នាំងបានចងក្រងបណ្ដុំប្រជាកសិករដាំបន្លែសុវត្ថិភាពដើម្បីបំពេញតម្រូវការទីផ្សារនិងរកចំណូល ជួយសម្រួលដល់ជីវភាពរបស់បងប្អូនបានមួយកម្រិត។

លោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា នៅក្នុងខេត្តមានក្រុមកសិករបណ្តុំដាំដុះ បន្លែសុវត្ថិភាពជាង៥០បណ្តុំសហគមន៍ ដែលក្នុងមួយបណ្តុំមាន១០០គ្រួសារ បានចូលរួមផលិតបន្លែសុវត្ថិភាព ដោយមិនប្រើប្រាស់ជីគីមី។

លោកបានបន្តថា បន្លែសុវត្ថិភាពនេះរួមមាន៖ ស្ពៃ សាឡាត់ ខ្ទឹមបារាំង ម្ទេស សណ្តែកកួរ និង ប៉េងប៉ោះ។ បន្លែទាំងអស់នេះអាចលក់ក្នុងតម្លៃពី១៥០០រៀលទៅ២០០០រៀល ក្នុងមួយគីឡូក្រាម ។ ការប្រកបមុខរបរដាំបន្លែនេះធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពធូរធារជាងមុន ។

លោកងិន ហ៊ុនបន្តថា កន្លងមកមន្ទីរបានផ្តល់បច្ចេកទេសថ្មី ដែលធន់នឹងបម្រែបម្រួលអាកាសធាតុដល់ប្រជាពលរដ្ឋ ឱ្យពួកគាត់ យល់ដឹងពីការដាំដំណាំ ដោយមិនប្រើប្រាស់ជីគីមី ហើយឆាប់ទទួលបានផល។ លោកប្រធានមន្ទីរ ក៏បានអំពាវនាវដល់ប្រជាកសិករ ដែលមានដីទំនេរ ក្រោយពីធ្វើស្រែចម្ការ អាចងាកមកធ្វើការដាំដុះបន្លែផ្សេងៗបន្ថែមទៀតដើម្បីរកចំណូលបន្ថែម ក្នុងជីវភាពគ្រួសារប្រចាំថ្ងៃក្នុងបដិបទកូវីដ-១៩ នេះផងដែរ ៕











