ប្រជាពលរដ្ឋចុះមកធ្វើត្រីប្រហុកច្រើន នៅពេលដែលត្រីចាប់ផ្តើមត្រូវនៅក្នុងខ្នើតនេះ

  • កំពង់ឆ្នាំង៖ នៅក្នុងរយះពេលប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញមានប្រជាពលរដ្ឋជាច្រើនបាននាំគ្នាចុះមកធ្វើប្រហុក ផ្អកត្រីឆ្អើ ត្រីងៀត ត្រៀមទុកសម្រាប់ការបរិភោគប្រចាំឆ្នាំ

    លោកលី ឡា នាយខ័ណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ប៉ុន្មានថ្ងៃនេះត្រីត្រូវច្រើន កាលណាត្រីត្រូវច្រើន ប្រជាពលរដ្ឋដែលចុះមកធ្វើត្រីប្រហុកក៏មានចំនួនច្រើនដែរ ចំពោះតំបន់ដែលប្រជាពលរដ្ឋនាំគ្នាចុះមកធ្វើត្រីប្រហុកច្រើនមាននៅកំពង់ប្រសាទ ឃុំសែប ស្រុកកំពង់ត្រឡាច នៅចុងកោះ ក្រុងកំពង់ឆ្នាំង និង នៅឆ្នុកទ្រូស្រុកបរិបូរណ៍

    លោកនាយខណ្ឌរដ្ឋបាលជលផល បានឲ្យដឹងថា  ការចុះមកធ្វើត្រីប្រហុករបស់ប្រជាពលរដ្ឋនៅពេលនេះ ខុសពីពេលមុន ដែលត្រូវចំណាយពេលធ្វើដំណើរដោយរទេះគោ និង ស្នាក់នៅធ្វើប្រហុកជាច្រើនថ្ងៃទើបត្រឡប់ទោវិញ ប៉ុន្តែបច្ចុប្បន្ននេះដោយសារផ្លូវល្អ មធ្យោធ្វើដំណើរ កាន់តែទំនើប ងាយស្រួលទៅមក ពលរដ្ឋខ្លះគ្រាន់តែចុះមកទិញ រួចយកទៅធ្វើនៅឯផ្ទះនិង មួយចំនួនទៀតអ្នកមកពីខេត្តផ្សេងអាចស្នាក់នៅ១យប់ឬ២យប់ប៉ុណ្ណោះ មិនបានស្នាក់រាប់ខែដូចពេលមុនទៀតឡើយ

    លោកលី ឡា បានបញ្ជាក់ទៀតថា តម្លៃត្រីប្រហុក វាឡើងចុះទៅតាមពេលត្រីត្រូវច្រើនត្រូវតិច ហើយនៅខ្នើតខែក្រោយត្រីអាចនឹងត្រូវច្រើនទៀត ពីព្រោះទឹកទន្លេនៅខ្ពស់នៅឡើយ

    តាមការសាកសួរ ប្រជាពលរដ្ឋដែលចុះមកធ្វើត្រីប្រហុកនៅតាមតំបន់នានាក្នុងខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ពួកគាត់មកពីខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តពង់ចាម ត្បូងឃ្មុំ និង មួយចំនួនទៀតជាអ្នកខេត្តកំពង់ឆ្នាំង ដែលពួកគាត់រស់នៅប៉ែកខាងលើឆ្ងាយពីដែននេសាទ។

    ប្រជាពលរដ្ឋបានឲ្យដឹងថា ជារៀងរាល់ឆ្នាំ នៅក្រោយពេលប្រមូលផលស្រូវវស្សារួចរាល់ហើយ ពួកគាត់តែងតែនាំគ្នាចុះមកកាន់ដែននេសាទនានា ក្នុងភូមិសាកស្ត្រខេត្តកំពង់ឆ្នាំង ដើម្បីធ្វើប្រហុក ផ្អក ត្រៀមទុកសម្រាប់បរិភោគប្រចាំឆ្នាំ ពួកគាត់បញ្ជាក់ថា នៅកំពង់ឆ្នាំងត្រីសំបូរ ហើយធំៗងាយស្រួលទិញ ប៉ុន្តែឆ្នាំនេះត្រីថ្លៃជាងឆ្នាំមុន

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង