កំពង់ឆ្នាំង ៖ អភិបាលរងខេត្តកំពង់ឆ្នាំង ឯកឧត្តមអម សុភា នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ រួមនឹងមន្ត្រីក្រុមការងារមួយចំនួនទៀត បានចុះពិនិត្យអំពីដំណើរការ នៃការចាក់វ៉ាក់សាំង នៅមណ្ឌលសុខភាពកំពង់ហៅ ក្នុងស្រុកកំពង់លែង ។

នៅក្នុងដំណើរចុះត្រួតពិនិត្យនេះឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានសំដែងនូវការកោតសរសើរចំពោះអាជ្ញាធរ និង ក្រុមគ្រូពេទ្យ ដែលបានសហការគ្នាបានល្អក្នុងការរៀបចំទីកន្លែងចាក់វ៉ាក់សាំងដល់មន្រ្តីជួរមុខ នាពេលនេះ ។

ឯកឧត្តម អម សុភា មានប្រសាសន៍ទៀតថា «ជំងឺកូវីដ-១៩ មិនទាន់មានថ្នាំព្យាបាលដូចនេះ យើងគ្មានជម្រើសអ្វីក្រៅតែពីការចាក់វ៉ាក់សាំងនោះទេ និង ស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល» ។

ឯកឧត្តមអភិបាលរងខេត្ត បានណែនាំដល់អាជ្ញាធរស្រុក ក្រុមគ្រូពេទ្យឱ្យយកចិត្តទុកដាក់ខ្ពស់លើកិច្ចការងារនេះ។ ជាពិសេសត្រូវពិនិត្យឱ្យបានល្អិតល្អន់លើសុខភាពពលរដ្ឋដែលមកចាក់ ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ពស់ ។ ក្នុងនាមអាជ្ញាធរ និង ក្រុមគ្រូពេទ្យ ត្រូវបានរៀបចំនិងសម្របសម្រួល ដោយបង្ករភាពងាយស្រួលដល់ការចាក់វ៉ាក់សាំងនេះ ។ ចំពោះកន្លែងចាក់វ៉ាក់សាំង នៅមណ្ឌលសុខភាពកំពង់ហៅនេះ ក៏ត្រូវយកចិត្តទុកដាក់លើវិធានទប់ស្កាត់ការចម្លងជំងឺផងដែរ ដោយមានការពាក់ម៉ាស់ វ៉ាស់កម្តៅ បាញ់អាល់កុល និងរក្សាគម្លាតជាដើម។
គួរបញ្ជាក់ថា មណ្ឌលសុខភាព កំពង់ហៅ ស្រុកកំពង់លែងបានដំណើរការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ។ គិតត្រឹមថ្ងៃទី៥ ខែមេសា នៅមណ្ឌលសុខភាពកំពង់ហៅបានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ជូនដល់មន្រ្តីរាជការគ្រូបង្រៀន និង មន្រ្តីជួរមុខបានចំនួន៤៥០នាក់ ៕










