កំពង់ឆ្នាំង ៖ ការប្រកួតកីឡាសិស្សបឋមសិក្សានិងមធ្យមសិក្សា ប្រចាំឆ្នាំសិក្សា២០២០-២០២១ បានប្រារព្វពិធីបិទ នាព្រឹកថ្ងៃទី២៣ ខែកម្ភ: ឆ្នាំ២០២១ បន្ទាប់ពីបានដំណើរការប្រកួតអស់រយះពេលមួយសប្តាហ៍ ។


ពិធីបិទការប្រកួតនេះបានប្រព្រឹតទៅ ក្រោមអធិបតីភាពលោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីលោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរផងដែរ ។

លោក សុឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជននិងកីឡា ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ការប្រកួតឆ្នាំនេះបានប្រព្រឹតទៅដោយរលូននិងសម្រេចបានជោគជ័យជាស្ថាពរ ដោយក្មួយៗមានឥរិយាបថថ្លៃថ្នូរ ប្រឹងប្រែងអស់ពីសមត្ថភាព ប្រកបដោយមិត្តភាព សាមគ្គីភាព និង សប្បាយរីករាយក្នុងការប្រកួតកីឡាគ្រប់ប្រភេទ ។

លោកប្រធានមន្ទីរបានឲ្យដឹងថា ចំពោះវិញ្ញាសារ នៃការប្រកួតមានបាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ វាយសី វាយកូនឃ្លីលើតុ និង អត្តពលកម្ម ។

នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតនាពេលនោះ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់គ្រប់អ្នកពាក់ព័ន្ធ បន្តជួយគាំទ្រដល់វិស័យកីឡា ដើម្បីឲ្យយុវជនយើងងាកមកចូលរួមលេងកីឡា ជៀសវាងទៅប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ។











