កំពង់ឆ្នាំង៖ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ថ្លែងកោតសរសើរអតីតអភិបាលស្រុកទឹកផុស លោក ម៉េង ហាក់ ថាមានស្នាដៃល្អក្នុងការដឹកនាំឲ្យស្រុកទឹកផុស មានការអភិវឌ្ឍន៍និងមាន ភាពរីកចម្រើនគួរអោយកត់សម្គាល់ ជាពិសេសថ្មីៗនេះ ការអភិវឌ្ឍវិស័យទេសចរណ៍របស់ ស្រុកទឹកផុសបានជួយជំរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋជាដើម។ ការថ្លែងកោតសរសើររបស់ឯកឧត្តមដូចនេះ បានធ្វើឡើងនៅពិធីប្រកាសចូលកាន់មុខតំណែងរបស់លោក សូត្រ ជាអភិបាលស្រុកទឹកផុស ជំនួសលោក ម៉េង ហាក់ ដែលត្រូវបានផ្ទេរភារកិច្ច ឲ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២១។
ឯកឧត្តម បានបន្តថា ការផ្លាស់ប្តូរនេះមិនមែនលោក ម៉េង ហាក់ មានកំហុសឆ្គងអ្វីនោះឡើយ ពោលគឺដោយសារ លោក ម៉េង ហាក់ មានបញ្ហាសុខភាព បម្រើការងារមិនជាប់លាប់ ទើបសម្រេចផ្ទេរភារកិច្ចឲ្យលោកទៅបម្រើការងារនៅរដ្ឋបាលខេត្តវិញ ។ កន្លងមក លោកម៉េង ហាក់ បានដឹកនាំមានប្រសិទ្ធិភាពការងារនិងការអភិវឌ្ឍន៍មូលដ្ឋាន ជាពិសេសអនុវត្តយ៉ាងម៉ឺងម៉ាត់តាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណ បទបញ្ជា និងលិខិតបទដ្ឋានគតិយុត្តិ របស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង របស់រដ្ឋបាលខេត្ត ដែលបានដាក់ចេញឲ្យសម្រេចបានជោគជ័យ ។

គួរបញ្ជាក់ថា លោក ម៉េង ហាក់ បានចូលកាន់តំណែងជាអភិបាលស្រុកទឹកផុសកាលពីឆ្នាំ២០១៤ ។ គិតមកត្រឹមឆ្នាំ២០២១នេះ មានរយៈជាង៧ឆ្នាំហើយ ដែលលោកបានដឹកនាំស្រុកទឹកផុស៕










