កំពង់ឆ្នាំង៖ តាប្លេក(Tablet) ចំនួន៧០គ្រឿង គាំទ្រដោយអង្គការ UNDP សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងកូវីដ១៩នេះ ត្រូវបានប្រគល់ជូនដល់អាជ្ញាធរឃុំ សង្កាត់ទាំង៧០របស់ខេត្តកំពង់ឆ្នាំង ។ ពិធីប្រគល់ ទទួលតាប្លេតនេះធ្វើឡើង នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្តកំពង់ឆ្នាំង រួមនិងលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តផងដែរ ។
លោកឌឹម ឌន ប្រធានមន្ទីរផែនការខេត្តកំពង់ឆ្នាំង បានអោយដឹងថា ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលីតាមរយៈ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) នៅថ្ងៃនេះ ខេត្តកកំពង់ឆ្នាំង បានប្រគល់តាប្លេតចំនួន៧០គ្រឿង ដែលមានភ្ជាប់ជាមួយកម្មវិធី(software) ជាស្រេច ។ ហើយការប្រគល់តាប្លេតទាំងនេះ គឺក្នុងគោលបំណងជួយធ្វើឱ្យប្រព័ន្ធគាំពារសង្គមនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ ប្រកបដោយបរិយាប័ន្ន និង ប្រសិទ្ធិភាពជាងមុន។

លោកប្រធានមន្ទីរផែនការខេត្ត បានអោយដឹងទៀតថា តាប្លេតដែលបានផ្តល់ជូនឃុំសង្កាត់នាពេលនេះគឺ ប្រើសម្រាប់កម្មវិធីចំនួន៣គឺ ទី១.ការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ទី២.កម្មវិធីចុះឈ្មោះឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និង កុមារអាយុក្រោម២ឆ្នាំនិង ទី៣. ការចុះឈ្មោះកម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះដែលមិនអាចគាំទ្រការងារបានទាន់ពេលវេលា។ ទិន្ន័យគ្រួសារក្រីក្រដែលប្រមូលបានគិតត្រឹមថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២០ គ្រួសារក្រីក្រនៅខេត្តកំពង់ឆ្នាំង សរុបមានចំនួន២៥ ៦៥៤គ្រួសារ ស្មើនិង ១៩,៣៥ភាគរយ ។
នៅក្នុងឱកាសនោះ ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅកម្ពុជាក៏ដូចជាសកលលោកទាំងមូល គឺបានរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ជាពិសេសចំពោះគ្រួសារក្រីក្រ ។ ដើម្បីជួយសំរួលដល់ជីវភាពរស់នៅរបស់ប្រជាជន រាជរដ្ឋាភិបាលបានសម្រេចជួយឧបត្ថម្ភជាសាច់ប្រាក់ជូនគ្រួសារក្រីក្រដែលមានបណ្ណសមធម៌។ ប៉ុន្តែនៅមានគ្រួសារក្រីក្រខ្លះអវត្តមានពីការចុះឈ្មោះទទួលបណ្ណសមធម៌ ហើយគ្រួសារខ្លះទៀតទើបធ្លាក់ខ្លួនក្រដោយសារបាត់បង់ចំណូលបណ្តាលមកពីវិបត្តិកូវីដ-១៩ ។ ដើម្បីពន្លឿនការចុះឈ្មោះក្រុមគ្រួសារក្រីក្រទាំងនេះនៅតាមឃុំសង្កាត់បន្ថែមទៀត ក្រសួងផែនការបានស្នើសុំ តាប្លេត ពីអង្គការយូអិនឌីភី។ ដើម្បីចូលរួមចំណែកគាំទ្រតាមរយៈការផ្តល់នូវតាប្លេតទាំងនេះផ្តល់ជូនឃុំសង្កាត់ សម្រាប់ពន្លឿនការងារ អោយកាន់តែបានឆាប់រហ័សថែមទៀត ។ តាមរយៈនៃការផ្តល់ តាប្លេតនេះអាជ្ញាធរឃុំសង្កាត់ទាំងអស់ត្រូវតែយកចិត្តទុកដាក់ ខិតខំធ្វើឱ្យបានលឿនរហ័ស និងមានតម្លាភាពរាល់ការកំណត់ទិន្នន័យគ្រួសារក្រីក្រទាំងអស់ ជៀងវាងកុំឱ្យមានបាតុភាពអសកម្មកើតឡើង ។

ឯកឧត្តម បានបញ្ជាក់ទៀតថា អាជ្ញាធរមូលដ្ឋានត្រូវតែមានសុភវិនិច្ឆ័យត្រឹមត្រូវ កំណត់គ្រួសារក្រីក្រ ដោយត្រូវធាថា គ្រួសារក្រីក្រត្រូវទទួលបាននូវគោលនយោយបាយជាតិគាំពាសង្គមដែលមានលក្ខណៈទូលំទូលាយ ដោយផ្តោតលើសសរស្តម្ភពីរ គឺប្រព័ន្ធជំនួយសង្គម និង ប្រព័ន្ធសន្តិសុខសង្គម ៕















