កំពង់ឆ្នាំង៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ទេសរដ្ឋមន្ត្រីគុយ សុផល អមដំណើរដោយលោកអម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង រួមនឹងមន្ត្រីជំនាញ មន្ត្រីអាជ្ញាធរជាច្រើនរូបទត បានអញ្ជើញចុះទៅត្រួតពិនិត្យមើលការស្ថាបនាផ្លូវលំ ១ខ្សែក្រាលក្រួសក្រហម ប្រវែង១៤.២០០ម៉ែត្រ កំពុងស្ថាបនាដោយក្រុមគ្រឿង ចក្រធុនធំសម្តេចឪប្រចាំនៅព្រះបរមរាជវាំង បច្ចុប្បន្នសម្រេចបាន ៩០ភាគរយហើយ ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី គុយ សុផល បានបញ្ជាក់ថា ផ្លូវលំក្រាលក្រួសក្រហមដែលមានប្រវែង ១៤.២០០ម៉ែត្រ នេះ គឺជាព្រះរាជអំណោយរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្យ នៃព្រះរាជាណាចក្រកម្ពុជា ។ ហើយផ្លូវលំមួយខ្សែនេះមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅ ពិសេសក្នុងការចូលរួមកសាងជាតិមាតុភូមិប្រកបដោយចីរភាព និងផែនការ មេ និង គោលនយោបាយជាតិក្នុង ការកាត់បន្ថយតម្លៃ សម្រួលការដឹកជញ្ជូនទំនិញនិងកសិផលរបស់បងប្អូនប្រជាពលរដ្ឋនៅទីនោះ ក៏ដូចនៅទូទាំងប្រទេស៕














