ខេត្តកំពង់ឆ្នាំងផ្សព្វផ្សាយលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០

  • កំពង់ឆ្នាំង ៖ កិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និង ទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ខេត្តកំពង់ឆ្នាំងត្រូវបានធ្វើឡើងកាលពីថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្ត កំពង់ឆ្នាំងនិង ឯកឧត្តម នាយឧត្តមសេនីយ មាស វិរិទ្ធអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី ជាប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានក្រុង ស្រុកឃុំ សង្កាត់ ក្នុងខេត្តកំពង់ឆ្នាំង ។
    លោកអមសុភា អភិបាលរងខេត្តកំពង់ឆ្នាំង និង ជាប្រធានលេខាធិការដ្ឋានប្រយុទ្ឋប្រឆាំងគ្រឿងញៀនខេត្តកំពង់ឆ្នាំង បានអោយដឹងថា នៅក្នុងរយៈពេល៦ខែកន្លងមកនេះ កម្លាំងចម្រុះបានធ្វើការបង្រ្កាបគ្រឿងញៀនចំនួន៤៧លើក ឃាត់ខ្លួនជនសង្ស័យបានចំនួន១៤៨នាក់ ដកហូត វត្ថុតាងម្សៅពណ៌សថ្លាជាសារធាតុញៀនមេតំហ្វេតាមីនមានទម្ងន់ ៤១០,៧៣ក្រាម ថ្នាំញៀនប្រភេទ(WY)៣១.៩ក្រាម ម៉ូតូ១៤គ្រឿង ជញ្ជីងថ្លឹង៦គ្រឿង ទូរស័ព្ទដៃ៥០គ្រឿង និង ឧបករណ៍សម្ភារៈវេចខ្ចប់មួយចំនួនទៀត ។
    ក្រៅពីកិច្ចប្រតិបត្តិការនេះ ក្រុមការងារលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តបានចុះធ្វើការអប់រំផ្សព្វផ្សាយតាមសាលារៀន រោងចក្រសហគ្រាស និង នៅតាមមូលដ្ឋានានាមួយចំនួន ឲ្យយល់ដឹងអំពីបញ្ហាផលប៉ះពាល់ និងគ្រោះថ្នាក់ នៃគ្រឿងញៀន និងចូលរួមប្រយុទ្ធប្រឆាំងនិងគ្រឿងញៀនទាំងអស់គ្នា ។

    មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានសំដែងនូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង គ្រឿងញៀន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គម។
    ឯកឧត្តម បានបញ្ជាក់ទៀតថា បើទោះបីជាសមត្ថកិច្ចអាជ្ញាធរទប់ស្កាត់បង្រ្កាបយ៉ាងណាក៍ដោយ ក៍ប៉ុន្តែក៍នៅតែមានបញ្ហាប្រឈម ក៏ដូចជាចំណុចខ្វះខាតមួយចំនួនដែល ជួបប្រទះនាពេលកន្លងមក ដែលចំណុចខ្វះខាតទាំងនេះ ទាមទារឲ្យសមត្ថកិច្ច និង អាជ្ញាធរធ្វើការផ្លាស់ប្តូរ និង យកចិត្តទុកដាក់បន្ថែមទៀតទាំងការផ្សព្វផ្សាយនិងកិច្ចប្រតិបត្តិការ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងឆមាសទី២ និងក្នុងពេលខាងមុខ ឲ្យកាន់តែល្អប្រសើរឡើង។

    ឯកឧត្តម នាយឧត្តមសេនីយ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍គូសបញ្ជាក់ លើកឡើង អំពីសភាពការណ៍គ្រឿងញៀន ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ ពិសេសចំណុចប្រឈម និងចំណុចខ្វះខាតមួយចំនួន ដែលអាចធ្វើឲ្យបញ្ហាគ្រឿងញៀននៅតែបន្តកើតមាន។
    ឯកឧត្ដម ក៏បានលើកអំពីចំណុចសំខាន់មួយចំនួន ពិសេសអនុសាសន៍ និងការណែនាំរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមមានដូចជាការបន្តយកចិត្តទុកដាក់ពង្រឹងយន្តការ ការអនុវត្តវិធានការឆ្លើយតបដែលមានលក្ខណះពហុវិស័យ ហើយទាមទារអោយធ្វើការងារអោយស៊ីសង្វាក់គ្នា គាំទ្រទៅវិញទៅមក និងអោយបានជាប្រចាំ ដូចភ្លៀងរលឹម ឯកឧត្ដម ក៏បានស្នើសុំអោយយកចិត្តទុកដាក់អនុវត្តអោយម៉ឹងម៉ាត់នូវក្រមសីលធម៌ វិជ្ជាជីវៈ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង