កំពង់ឆ្នាំង៖ មនុស្សពីរនាក់បានវាចេញពីរថយន្ត បន្ទាប់ពីរថយន្តនេះបានធ្លាក់ចូលទៅក្នុងប្រឡាយក្រឡាប់ផ្ងារជើង បន្ទាប់ពីបើកលឿនដល់ផ្លូវកោងបត់មិនទាន់ ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណជា៥ល្ងាចថ្ងៃទី១៩ ខែមេសា
ឆ្នាំ២០២០ តាមបណ្ដោយផ្លូវជាតិលេខ៥៣ ចំណុចខាងមុខក្លោងទ្វារចូលវត្តព្រះរាមរង្សី ស្ថិតនៅក្នុងភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ខាងលើនេះបានបញ្ជាក់ថា នៅមុនពេលកើតហេតុខាងលើនេះគាត់បានឃើញរថយន្តតូយ៉ូតាកាមរីបាឡែនមួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ២A-៣៤០២ បើកបរដោយបុរសពីរនាក់ មិនស្គាល់អត្តសញ្ញាណក្នុងល្បឿនលឿនធ្វើដំណើរ ក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចផ្លូវបត់ចូលទៅតាមខ្លោងទ្វារផ្លូវវត្តព្រះរាមរង្សី តែដោយល្បឿនលឿនពេកទើបបត់មិនទាន់បណ្ដាលឲ្យរថយន្តធ្លាក់ ចូលទៅក្នុងប្រឡាយក្រឡាប់ត្រាំទឹកតែម្ដង ។
ក្រោយពេលកើតហេតុក្រឡាប់រថយន្តនោះ គេឃើញបុរសពីរនាក់ដែលនៅក្នុងរថយន្តបានវាយបំបែកកញ្ចក់រថយន្ត ហើយបានវាចេញមកដោយមិនមានអ្នកណារងរបួសធ្ងន់ធ្ងរនោះទេ ៕












