កំពង់ឆ្នាំង ៖ ក្មេងប្រុស២នាក់ដែលបាត់ខ្លួន នៅស្រុកទឹកផុស ត្រូវបានរកឃើញសពនៅក្នុងស្រះទឹកមួយក្បែរសាលារៀន ស្ថិតក្នុងភូមិតាឪ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស កាលពីវេលាម៉ោង៩យប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ។ នេះបើតាមការបញ្ជាក់របស់ លោក សូត្រ ស្រង់ អភិបាលរងស្រុកទឹកផុស។
សមត្ថកិច្ច បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះទាំង២នាក់ស្លាប់ ដោយសារលង់ទឹកនិងបានប្រគល់សពជូនក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ។
គួរបញ្ជាក់ថា ក្មេងប្រុសទាំង២នាក់បានបាត់ខ្លួន កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ច បានឲ្យដឹងថា ក្មេងដែលបានបាត់ខ្លួននេះម្នាក់ឈ្មោះ វី ជីវ៉ាន់ ភេទប្រុស អាយុ៦ឆ្នាំនិងម្នាក់ទៀតឈ្មោះជាតិ រិទ្ធី ភេទប្រុស អាយុ ៤ឆ្នាំ ក្មេងទាំង២នាក់នេះរស់នៅក្នុងភូមិឃុំខាងលើ ។
ប្រភពពីអ្នកភូមិបានឲ្យដឹងថា ក្មេងប្រុសទាំង២នាក់ មុនពេលបាត់ខ្លូន បាននាំគ្នារត់លេងខាងក្រោយផ្ទះ ។ ក្រោយពីរកមិនឃើញក្រុមគ្រួសារ និង អ្នកភូមិមានការសង្ស័យបាននាំគ្នាចុះរាវរកនៅក្នុងទឹកស្រះនិងមានអ្នកភូមិខ្លះទៀតបាននាំគ្នាដើររកតាមព្រៃផងដែរ ៕